ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន AliPay Connect Pte. Ltd. ចុះអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត”។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group កាលពីព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
អនុស្សរណៈយោគយល់នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចធ្វើការទូទាត់ជាមួយ អាជីវករដែលមាន ប្រព័ន្ធ Alipay ចំនួន ៨៣លានអាជីវករនៅទូទាំងសកលលោក។
ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជាក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួររំលឹកថា អាជីវករកម្ពុជាត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ។
ប្រភព៖ AKP