កម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត

0

ពោធិ៍សាត់ ៖ ជនសង្ស័យ០១នាក់ ធ្វើសកម្មភាពលួចរថយន្ត ដោយបោកម្ចាស់រថយន្តថាសុំចុះបត់ជើងតូច តែបែរជាបើករថយន្តចេញ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំង នៃការិយាល័យនគរបាលចរាចរណ៍ជើងគោក ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួន នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៦១-១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៥០នាទី ខ្លួនបានដឹកឥវ៉ាន់របស់ចិន ពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមកដល់ខាងកើតរង្វង់មូលព្រាបស ខេត្តបាត់ដំបង ក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរ រួចខ្លួនក៏បានឈប់ឲ្យបុរស០១នាក់នោះឡើង ដោយគិតថាជាអ្នកដំណើរហើយក៏បានសួរថាតើអ្នកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ឃុំត្រពាំងជង ខេត្តពោធិ៍សាត់ ស្រាប់តែបុរសម្នាក់នោះសុំខ្លួនឈប់ឲ្យរថយន្ត ដើម្បីបត់ជើងតូច ហើយខ្លួនក៏ឈប់ឡានបើកទ្វាចុះបត់ជើងតូចមុនបុរសនោះ ស្រាប់តែបុរសម្នាក់នោះមិនចុះនោមទេ បែរជាចុចឡុក រថយន្តរបស់ខ្លួនហើយបើករថយន្តចេញទៅបាត់ រួចខ្ញុំក៏បានហៅម៉ូតូជិះតាម ទើបមកដល់ត្រង់ចណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ បានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយឃាត់រថយន្តរបស់ខ្លួន។ 

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ៖ ក្រោយពីទទួលព័ត៌មានរួច លោកបានដឹកនាំ កម្លាំងអន្តរាគមន៍ស្រុកក្រគរ និងកម្លាំងជំនាញនគរបាលចរាចរណ៍ខេត្ត សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ចុះធ្វើការពួនស្ទាក់ឃាត់រថយន្ត និងជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ឡេង ចិត្រ្តា ភេទប្រុស អាយ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់លែង ឃុំថ្នល់ទទឹង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម និងវត្ថុតាងរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1694 ប្រគល់ជូនម្ចាស់ឡានវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៧ និង២២នាទី ដើម្បីរៀបចំនីតិវិធីបញ្ជូន៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ