ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាពទាំង១០ នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានា។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម ហេង សួរ បានបង្ហាញថា វិស័យអាទិភាពទាំង១០ នោះរួមមាន វិស័យសំណង់ អគ្គិសនី និងថាមពល អេឡិចត្រូនិក បរិក្ខារត្រជាក់និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ/មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម និងធុរកិច្ច និងព័ត៌មានវិទ្យា។ ដោយឡែក ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឱ្យបានគង់វង្ស និងអភិវឌ្ឍ «ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី»។
ឯកឧត្តម ហេង សួរ ក៏បានគូសបញ្ជាក់ផងដែរថា ជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជនជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាលបានដំណើរការ ហើយក៏មិនត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ។ ជោគជ័យពិតប្រាកដ គឺត្រូវសម្រេចឱ្យបាននូវបាវចនាប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញ គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
ដូចនេះ ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះដំណើរការទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ ដោយបានរៀបចំ និងធ្វើបច្ចុប្បន្នភាពកញ្ចប់សិក្សាផ្អែកលើសមត្ថភាពសម្រាប់ការបណ្ដុះបណ្ដាល ដោយបានកំណត់ជាស្តង់ដានូវជំនាញនីមួយៗ គឺមានចាប់ពី៥ ទៅ ៦ម៉ូឌុល ហើយក្នុងម៉ូឌុលនីមួយៗ គឺត្រូវមានម៉ោងរៀនយ៉ាងតិច ៦៣០ម៉ោង រួមទាំងទ្រឹស្តី ការអនុវត្តនៅរោងជាង និងការចុះកម្មសិក្សានៅតាមវិស័យឯកជន។ ម៉ូឌុលទី១ អំពីជំនាញទន់ ត្រូវបានបញ្ចូលទៅគ្រប់ជំនាញទាំងអស់ ដោយផ្តោតទៅលើការធ្វើការងារជាក្រុម សុវត្ថិភាព និងសុខភាពការងារ (OSH), KAIZEN (5S), ការរៀបចំបែងចែកអាទិភាពការងារ និងការគ្រប់គ្រងពេលវេលា ការប្រាស្រ័យទាក់ទងនៅកន្លែងការងារ សហគ្រិនភាព មូលដ្ឋានជំនាញបៃតង មូលដ្ឋានច្បាប់ស្តីពីការងារ និងចរណៈវិជ្ជា ព្រមទាំងមានការគោរពទង់ជាតិជារៀងរាល់ម៉ោង ៧:០០ព្រឹក និងការហាត់កីឡាចំនួន ៣០នាទី មុននឹងចាប់ផ្តើមចូលរៀននៅម៉ោង ៨:០០ព្រឹកផងដែរ។ ទន្ទឹមនេះដែរ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ក៏មានសម្រាប់ការសិក្សាវេនយប់ និងវេនចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យ ដែលអាចផ្តល់ជម្រើស និងភាពបត់បែនបន្ថែមលើវេនធម្មតាដល់ក្រុមគោលដៅអាចចូលរៀនបាន ដោយឆ្លើយតបតាមតម្រូវការការងារនៅភូមិសាស្ត្រមូលដ្ឋានទៀតផង។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ទៀតថា មិនត្រឹមតែការសិក្សាទ្រឹស្តីនៅសាលានោះទេ ប៉ុន្តែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះអនុស្សរណៈនៃការយោគយល់(MOU) ជាមួយសភាពាណិជ្ជកម្ម និងសមាគមនិយោជកតាមវិស័យនានាចំនួន១៧ ដើម្បីផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្សដែលនឹងចុះឈ្មោះរៀនកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឱ្យយុវជនជាគោលដៅអាចផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការ និងធានាថាសិស្សមានសមត្ថភាពអាចធ្វើការងារបានពិតប្រាកដក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល៕
ប្រភព៖ AKP