ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧មានភារកិច្ចបន្តថែរក្សានូវសមិទ្ធផលចាស់ និងបង្កើន សមិទ្ធផលថ្មីៗដើម្បីនាំមកនូវវិបុលភាពរួមដល់ជាតិមាតុភូមិទាំងមូល ហើយជាមួយនឹងភារកិច្ចដ៏ធំធេងនេះរាជរដ្ឋាភិបាលនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍ ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមាន
កម្មវិធីទី ១).ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
កម្មវិធីទី ២).ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
កម្មវិធីទី ៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។
កម្មវិធីទី ៤). ការដាក់ចេញនិងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
កម្មវិធីទី ៥).ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
កម្មវិធីទី ៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេសដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករ នៅតាមទីជនបទ៕
ប្រភព៖ AKP