សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្មែរមិនចាំបាច់នាំជ័រកៅស៊ូទៅក្រៅស្រុកទៀតទេ ព្រោះកម្ពុជាមានរោងចក្រផលិតកង់ឡានចំនួន៣ ក្នុងនោះមានក្រុមហ៊ុនធំ១បានសម្រេចចិត្តដាក់ទុននៅកម្ពុជាបន្ថែម

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ខ្មែរមិនចាំបាច់នាំជ័រកៅស៊ូទៅក្រៅស្រុកទៀតទេ ព្រោះកម្ពុជាមានរោងចក្រផលិតកង់ឡានចំនួន៣ ក្នុងនោះមានក្រុមហ៊ុនធំ១បានសម្រេចចិត្តដាក់ទុននៅកម្ពុជាបន្ថែម។ដូច្នេះតម្រូវការជ័រកៅស៊ូសម្រាប់កែច្នៃផលិតផលសម្រេច មានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា។

ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលចង់ជំរុញកសិកម្មកៅស៊ូ សម្រាប់ថ្ងៃក្រោយមិនមែននាំចេញវត្ថុធាតុដើមទៀតទេ យើងចង់ធ្វើផលិតផលសម្រេចនៅក្នុងស្រុកដើម្បីវិវត្តន៍ដំណាំកៅស៊ូ ឈានទៅដល់កម្រិតកសិឧស្សាហកម្ម។

ក្នុងវិស័យកៅស៊ូនេះ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះគម្រោងវិនិយោគដែលបានមកវិនិយោគធំៗនៅកម្ពុជា ខណៈក្រុមហ៊ុនខ្លះគ្រោងបន្ថែមទុនវិនិយោគ ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មទៀតផង។

សម្ដេចធិបតី បានថ្លែងថា«អ្វីដែលជាចំណុចវិជ្ជមាននោះ យើងក៏នៅមានកម្រិតមួយគឺថាវត្ថុធាតុដើមក្នុងស្រុកវាតិចពេកប្រើប្រាស់បានត្រឹម២០ទៅ៣០ភាគរយ ដោយសារបញ្ហាបច្ចេកទេស អ៊ីចឹងនៅមានសក្ដានុពលធំណាស់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង មិនចាំបាច់នាំកៅស៊ូចេញទៅក្រៅប្រទេសគឺយើងយកមកចូលរោងចក្រផលិតកង់ឡាន និងផលិតវត្ថុ សម្ភារនៅក្នុងស្រុកយើងតែម្ដង»។

ក្នុងន័យនេះសម្ដេចធិបតី ស្នើឱ្យស្ថាប័នពាក់ព័ន្ធក៏ដូចជា វិស័យឯកជន និងសមាគមកៅស៊ូកម្ពុជាបង្កើតយន្តការមួយដើម្បីធ្វើយ៉ាងណាជំរុញការសម្របសម្រួលដោះស្រាយបញ្ហាបច្ចេកទេស បញ្ហាដាំដុះ ដើម្បីធានាខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកដាំរហូតដល់អ្នកផលិតដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូក្នុងស្រុកឱ្យបានគ្រប់គ្រាន់៕

ប្រភព៖ AKP