ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រៀបចំឡើងវិញនូវការផ្តល់ឥណទាន ដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីចូលរួមស្តារវិស័យទេសចរឡើងវិញ ក្រោយរងផលប៉ះពាល់ខ្លាំងពីបញ្ហាកូវីដកន្លងមក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ “វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩” នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី១៣ វិច្ឆិកា ២០២៣នេះ ដោយបានសម្រេចដាក់ចេញនូវវិធានការយុទ្ធសាស្រ្តចំនួន២ ដើម្បីចូលរួមស្តារវិស័យទេសចរឡើងវិញ ដោយផ្តើមជាដំបូងពីខេត្តសៀមរាប និងបានស្នើអោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធ ចូលរួមរៀបចំឥណទានហិរញ្ញវត្ថុឡើងវិញ ដល់ប្រតិបត្តិករទេសចរ ក្នុងខេត្តសៀមរាប ជាមួយនិងការសម្រួលនូវលក្ខណៈចាំបាច់មួយចំនួន រួមជាមួយនឹងអត្រាការប្រាក់សមរម្យសម្រាប់អ្នកប្រកបរបបក្នុងឧស្សាហ៍ទេសចរនេះ។
សម្តេចធិបតីបានបញ្ជាក់ថា ដោយមើលឃើញនូវការលំបាកផ្នែកហិរញ្ញវត្ថុ ទី១ រាជរដ្ឋាភិបាល បានអនុញ្ញាត្តអោយ ធនាគារ និងគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ រៀបចំឡើងវិញនូវការផ្តល់ឥណទាន ដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន នូវការអនុគ្រោះក្នុងអត្រា ការប្រាក់សមរម្យ ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល១២ខែ។
ទី២ ធនគារសហគ្រាសធនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្តល់កម្ចី ដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ រួមជាមួយនិងលក្ខណៈអនុគ្រោះផ្សេងទៀត ដើម្បីធានាដល់អ្នកដែលប្រកបរបបក្នុងឧស្សាហកម្មទេសចរ អាចទទួលបាននូវហិរញ្ញប្បទាន និងចំនួនទឹកប្រាក់សមរម្យតាមប្រភេទអាជីវកម្ម។
គួររំលឹកដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ហៅកាត់ថា ធនាគារ SME បានបញ្ជាក់ថា គិតត្រឹមបំណាច់ ខែសីហា ឆ្នាំ ២០២៣នេះ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៥០ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤លានដុល្លារអាមេរិក ឬស្មើនឹង ៣៦% នៃគម្រោងថវិកាសរុប ១៥០លានដុល្លារអាមេរិក។
ក្នុងនោះដែរ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។
ហើយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលតាមរយៈ ធនាគារ SME ចំនួន ៧៥លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ៧៥លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា បើតាមធនាគារ SME នៅខែធ្នូ ឆ្នាំ ២០២២ បានឱ្យដឹងថា សម្រាប់គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍នេះ ម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច បានស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់អតិបរមា ៦,៥% ក្នុងមួយឆ្នាំ និងខ្ចីបានខ្ពស់បំផុតរហូតដល់ ៦០ម៉ឺនដុល្លារអាមេរិក អាចខ្ចីបានរហូតដល់ ៨ឆ្នាំ ហើយអ្វីដែលពិសេសនោះ រយៈពេលអនុគ្រោះ នៃការសងត្រឡប់ប្រាក់ដើមមានរហូតដល់ ២៤ខែ៕
ប្រភព៖ AKP