សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានក្លាយជាប្រទេស មានឯករាជ្យ អធិបតេយ្យ សន្តិភាពនិងអត្រាកំណើនជាមធ្យម៧ភាគរយជាង២ទសវត្សរ៍កន្លងទៅ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាប្រទេស មួយដែលមានឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យនិងនីតិរដ្ឋ កាន់តែរឹងមាំនិងមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងអត្រាកំណើនជាមធ្យ ម៧ ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ទស្សវត្សរ៍កន្លងទៅនេះ។

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងនៅក្នុងការថ្លែងបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

សម្តេចធិបតី បានគូសបញ្ជាក់ថា កំណើនដ៏ខ្ពស់នេះបានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រដែល ទើបតែងើបចេញភ្នក់ភ្លើងសង្គ្រាមឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ និងបានជួយលើកស្ទួយការងារនិងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជារាប់លាននាក់ឱ្យចាកចេញពីភាពក្រីក្រ។

បើតាម សម្តេចធិបតី វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនត្រូវបានធ្វើឡើងចំនួន ១៨លើករួចមកហើយពោលគឺចាប់ពីឆ្នាំ១៩៩៩-២០១៩ ដែលក្នុងនោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីលើកទី១ដល់លើកទី១៨ ប្រកបដោយភាពជោគជ័យត្រចះត្រចង់៕

ប្រភព៖ AKP