ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នេះបានបង្ហាញនូវភាពបន្ទាន់និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ ដែលយើងមានបំណងរៀបចំដំណើរការរួមគ្នារវាងរាជរដ្ឋបាលនិងផ្នែកឯកជនតាំងពីដើមអាណត្តិឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុមដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតារួមរបស់កម្ពុជាគឺ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសថ្លែងបើកវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នាពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយមួយ ហើយវិស័យឯកជនគឺជាដៃគូដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖ «សេដ្ឋកិច្ចជាតិនេះគឺពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង។ អីចឹងប្រការនេះមានន័យរាល់សេចក្តីសម្រេចនានានៃវេទិកានេះ នឹងមានអនុភាពជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី»។ សម្ដចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដថា វេទិការនៅថ្ងៃនេះក៏ជាកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាប្រឈម និងកខ្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្ថែមថា៖ «វេទិកាថ្ងៃនេះគឺជាការសន្យារបស់ខ្ញុំនៅក្នុងកិច្ចប្រជុំពេញអង្គរណៈរដ្ឋមន្ត្រីលើកដំបូងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣កន្លងទៅ។ នេះក៏ជាកិច្ចការដំបូងរបស់រាជរដ្ឋាភិបាលត្រូវមើលអ្វីខ្លះដែលជាកត្តាចាំបាច់ អ្វីខ្លះជាការកិច្ចការសំខាន់ដែលយើងត្រូវធ្វើ។ ថ្ងៃនេះគឺជាកិច្ចការប្រវត្តិសាស្ត្រថ្មីមួយសម្រាប់រដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ក្នុងការដឹកនាំវេទិកានេះជាលើកទីមួយ ហើយក៏ជាលើកទី១ ដែលកម្ពុជាទាំងមូលក្នុងរយៈពេល៤ឆ្នាំក្រោយវិបត្តិនៃកូវីដ-១៩»៕
ប្រភព៖ AKP