នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដល់អនុសាសន៍៥ចំណុច ឱ្យកងយោធពលខេមរភូមិន្ទអនុវត្តកា រងារកាន់តែមានប្រសិទ្ធភាព

0

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដល់អង្គភាពចំណុះកងយោធពលខេមរភូមិន្ទទាំងអស់ អនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

អនុសាសន៍សំខាន់ៗទាំង៥ចំណុចដែល សម្តេចធិបតី ផ្ដល់នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០វិច្ឆិកានេះ រួមមាន៖ ទី១.កងទ័ពត្រូវតែជា កងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ ដាច់ខាតត្រូវស្មោះត្រង់ ចំពោះជាតិមាតុភូមិនិងប្រជាជន និងយកស្មារតីគោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តនានា ប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ ដើម្បីជាកម្លាំងពិត ក្នុងការការពារជាតិ មាតុភូមិ និងប្រជាជន។

ទី២.គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ទៅលើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ដោយប្រើប្រាស់កម្លាំងសមស្រប ទៅនឹងតម្រូវការនិងជំនាញ និងគ្រប់គ្រងថែរក្សាគ្រឿង សព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារ ជាដើមបានត្រឹមត្រូវ និងបានគង់វង្ស។

ទី៣.គ្រប់អង្គភាពពង្រឹង ការហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាព ជាពិសេសអង្គភាពទាំងអស់ត្រូវ ពង្រឹងការបង្កើនជំនាញយោធិន ឱ្យស្របទៅតាមភារកិច្ច ។

ទី៤.គ្រប់អង្គភាពទ័ពទាំងអស់ត្រៀមកម្លាំង និងសម្ភារមធ្យោបាយគ្រប់ប៉ែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យមហន្តរាយ កើតឡើងជាយថាហេតុណាមួយ ដោយត្រូវមានបុរេសកម្ម ព្រមទាំងសហការ ឱ្យបានស្អិតល្មួត ជាមួយអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ។

ទី៥.អង្គភាពទ័ពទាំងអស់ ត្រូវជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជាការបង្កបង្កើនផល និងចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ធានាបានសុខភាព សុខុមាលភាព ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន៕

ប្រភព៖ AKP