សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍជាតិខ្មែរជានិរន្តរ៍

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការប្ដេជ្ញាចិត្តនៅចំពោះព្រះភក្ត្រ ព្រះមហាក្សត្រ និងមហាជនទាំងឡាយថា នឹងប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យ សន្តិភាពនិងការអភិវឌ្ឍជាតិខ្មែរជានិរន្តរ៍។

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង ខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នាថ្ងៃព្រហស្បតិ៍ ១១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី បានថ្លែងថា ឯករាជ្យនិងសន្តិភាពពុំមែនកើតឡើងដោយឯងៗនោះទេ ឯករាជ្យនិងសន្តិភាពសុទ្ធតែកើតឡើងចេញពីការខិតខំប្រឹងប្រែង និងផ្ដួចផ្ដើមដោយខ្មែរខ្លួនឯង។

ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរអ្នកដឹកនាំជំនាន់ក្រោយនិងប្រជាជនខ្មែរទាំងមូល សម្ដេចធិបតី បានសច្ចាថា នឹងដង្ហែតាមស្នាព្រះហស្ដជាប្រវត្តិសាស្ត្រនិងគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋនិងរួមគ្នាជាធ្លុងមួយ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពូនជ្រំ ថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចិរកាល នូវឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍នៃជាតិខ្មែរ។

ទន្ទឹមនេះខួបអនុស្សាវរីយ៍លើកទី៧០ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទ នាយទាហាននិងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនិងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ និង ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតផ្អែកតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កងយោធពលខេមរភូមិន្ទនិងបន្តជ្រោងទង់ជាតិខ្មែរឱ្យបានល្បីពាសពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងនៃសន្តិភាពនៅបណ្ដាប្រទេសជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាកម្លាំងដែលមានវិន័យមានមនសិការ វិជ្ជាជីវៈខ្ពស់និងសេចក្ដីថ្លៃថ្នូរ៕

ប្រភព៖ AKP