កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការត្រៀមនិងរៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច

0

ភ្នំពេញ៖ ទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងឯកឧត្តម JOSEPH SCHEUER ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការត្រៀមនិងរៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN Families) , UNRCO ជាពិសេសគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍(CDP) ប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញចូលរួមតាមប្រព័ន្ធ Online។

កិច្ចប្រជុំពិភាក្សានេះ គឺដើម្បីសិក្សាស្វែងយល់ និងពិភាក្សាបន្ថែមលើប្រធានបទសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដែលក្នុងគោលបំណង៖ ទី១.ដំណើរការនៃការចាកចេញ ទី២.លទ្ធផលបឋមនៃការពិនិត្យវាយតម្លៃ៣ឆ្នាំម្តង ជាលើកទី២ ទី៣.សកម្មភាព និងកាលបរិច្ឆេទ នៃដំណើរការពិនិត្យវាយតម្លៃលើកទី២ សម្រាប់កម្ពុជា ទី៤.យុទ្ធសាស្ត្រអន្តរកាលដោយរលូន

កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់របស់កម្ពុជា និងសម្រាប់សមាជិក សមាជិកា ដែលទើបតែត្រូវបានតែងតាំងក្នុងគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិអាចទទួលបានបន្ថែមនូវព័ត៌មានសំខាន់ៗ ថ្មីៗ ពាក់ព័ន្ធនឹងការត្រៀម និងការរៀបចំចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយផ្ទាល់ពីប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេសព័ត៌មានដែលពាក់ព័ន្ធនឹងការងារអាទិភាពដែលកម្ពុជាត្រូវចូលរួមក្នុងការពិនិត្យវាយតម្លៃ៣ឆ្នាំម្តងលើកទី២ នៅឆ្នាំ២០២៤ខាងមុខនេះ។

សូមបញ្ចាក់ថា ក្រសួងផែនការ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ជាប្រធាន មានភារកិច្ចដឹកនាំ និងសម្របសម្រួលគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងស្ថាប័នជាតិ ទាំងស្ថាប័នអន្តរជាតិ លើការងារត្រៀមការចាកចេញ ការចាកចេញ និងក្រោយការចាកចេញរបស់ប្រទេសកម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសគឺការតម្រង់ទិសការរៀបចំគោលនយោបាយពាក់ព័ន្ធ និងផែនការសកម្មភាព ដែលក្នុងនោះជាចម្បង មានការរៀបចំយុទ្ធសាស្ត្រនៃការចាកចេញដោយរលូន សម្រាប់អនុវត្តក្រោយការចាកចេញ និងការតាមដានការអនុវត្ត។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិ ដែលមានការិយាល័យអ្នកសម្របសម្រួលនៅក្នុងប្រទេសកម្ពុជា គឺជាអ្នកសម្របសម្របសម្រួលរវាងស្ថាប័នសហប្រជាជាតិនៅក្នុងប្រទេស និងមានក្រុមការងារអន្តរភ្នាក់ងារជាអ្នកសម្របសម្រួលរវាងស្ថាប័នសហប្រជាជាតិនៅក្រៅប្រទេស រួមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីសហការនិងគាំទ្របច្ចេកទេសដល់ប្រទេសកម្ពុជា ក្នុងការត្រៀមនិងរៀបចំការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន