ក្រុមហ៊ុន China MCC22 Group Corporation សិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុន China MCC22 Group Corporation ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារពីគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation ដើម្បីស្វែងយល់ពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យក្រុមហ៊ុនអាចជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជាការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។

ក្នុងជំនួបនេះដែរ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សានិងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហរទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ អាស្រ័យហេតុនេះ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ទទួលស្វាគមន៍ និងរងចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច៕

ប្រភព៖ AKP