ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញ ប្រគល់ កុំព្យូទ័រ១៥០គ្រឿង តុ និងកៅអី ចំនួន១៥០ឈុត និងរៀបចំបន្ទប់ ICT Lab មួយបន្ទប់ ជូនសាកលវិទ្យាល័យការពារជាតិ ដែលទទួលដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ចំពោះសម្ភារ ដែល បានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាកល វិទ្យាល័យ ការពារជាតិ ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់និស្សិត នាយទាហាន ជំនាញព័ត៌មានវិទ្យាយោធា។ ឯកឧត្តម បានបន្ថែមថា ចំពោះកុំព្យូទ័រ ១៥០គ្រឿង ដែលបាន ប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការ រៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញរបស់មុខវិជ្ជានីមួយៗ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យការពារជាតិ ដែលបានរួម ចំណែកយ៉ាងសកម្មលើការលើកកម្ពស់ ពង្រឹងសមត្ថភាព កងទ័ព ឱ្យមានចំណេះដឹង ចំណេះ ធ្វើ និងវិជ្ជាជីវៈយ៉ាងពិតប្រាកដ ក្នុងការទទួលខុសត្រូវ បំពេញភារកិច្ចការពារ បូរណភាពទឹកដី ការពារសន្តិភាព ការអភិវឌ្ឍ និងការរស់នៅដ៏សុខសាន្ត របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការចូលរួមអភិវឌ្ឍ ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញព័ត៌មានវិទ្យាយោធា និងក្នុងការ ចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យការពារជាតិ ជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួង ការពារជាតិនាំមុខគេលើផ្នែក សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តយោធា ការសិក្សាវិទ្យាសាស្ត្រ សង្គម និងភាសា វិទ្យាសាស្ត្រពិត និងការអប់រំ ហ្វឹកហ្វឺនបណ្តុះបណ្តាល វិជ្ជាជីវៈអាជីព ដែល មានការទទួលស្គាល់កម្រិតថ្នាក់ជាតិ និងអន្តរជាតិ៕
ប្រភព៖ AKP