ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តបន្ទាយមានជ័យបញ្ចប់ទៅដោយជោគជ័យ

0

បន្ទាយមានជ័យ៖ លទ្ធផលស្តីពីស្ថានភាព នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំង៨មណ្ឌល នៅក្នុងខេត្តបន្ទាយមានជ័យ បានបញ្ចប់ដោយជោគជ័យ ដោយមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តន៍តាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

នេះជាការប្រាប់ឱ្យដឹងរបស់លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈមេប្រយោគទូទាំងខេត្ត កាលពីព្រលប់ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

យោងរបាយការណ៍លោក ឈូ ប៊ុនរឿង បានប្រាប់ឱ្យដឹងទៀតថាស្ថានភាពនៃដំណើរការប្រឡងទាំង ៨មណ្ឌល នៃ ២៤៧បន្ទប់ នៅក្នុងខេត្តបន្ទាយមានជ័យ បេក្ខជនសរុប ៦ ១៦៨នាក់ ស្រី ៣ ៣៧៧នាក់ ក្នុងនោះបេក្ខជនចំណេះទូទៅសរុប ៥ ០៨៤នាក់ ស្រី ២ ៩០០នាក់, បេក្ខជនស្វ័យរិន ៧៩៥នាក់ ស្រី ៤១៣នាក់, បេក្ខជនបំពេញវិជ្ជា ២៨៩នាក់ ស្រី ៦៤នាក់ ។ ក្នុងនោះដែរបេក្ខជនអវត្ត មាន សរុប ១១០នាក់ ស្រី ៤១នាក់ ។ ចំណែកឯបេក្ខជនមានបញ្ហាសុខភាព ចំនួន ១៤នាក់ ស្រី ៩ នាក់ គឺនៅមណ្ឌលវិទ្យាល័យ សម្តេចឪ ២នាក់ស្រី, មណ្ឌលវិទ្យាល័យ សិរីសោភ័ណ ៦នាក់ស្រី , មណ្ឌលអនុវិទ្យាល័យ ទឹកថ្លា ៣នាក់ប្រុស, មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ១នាក់ស្រី , មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ១នាក់ប្រុស, មណ្ឌលវិទ្យាល័យ អូរអំបិល ១នាក់ប្រុស ។ គណៈកម្មការមេប្រយោគ នៅមណ្ឌលបឋម ហ៊ុន សែន សូភី មានបញ្ហាសុខភាព ១នាក់ប្រុស (លើសឈាម) ។

នៅល្ងាចនៃថ្ងៃបញ្ចប់ដំណើរការមណ្ឌលសំណេរ ប្រធាន អនុប្រធាន គណ:មេប្រយោគ និងគណ:កម្មការពាក់ព័ន្ធ បានដឹកជញ្ជូនហឹបសន្លឹកកិច្ចការ បេក្ខជន /នារី ពីគ្រប់មណ្ឌល បានបញ្ជូនទៅរក្សាទុកនៅសាលាខេត្ត ។ លុះទៀបភ្លឺថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហឹបសន្លឹកកិច្ចការនឹងត្រូវដឹកជញ្ជូនពីខេត្តបន្ទាយមានជ័យ ឆ្ឋោះទៅមណ្ឌលកំណែ នៅរាជធានីភ្នំពេញ ៕

ប្រភព៖ AKP