ថ្នាក់ដឹកនាំក្រសួងអប់រំ ចុះពិនិត្យការរក្សាហឹបសន្លឹកកិច្ចការបេក្ខជននៅវិទ្យាល័យព្រះស៊ីសុវត្ថិ

0

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង​គណៈ​ប្រតិភូ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យហឹបសន្លឹកកិច្ចការរបស់បេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិតាមបណ្ដា រាជធានី-ខេត្ត ដែលបានដឹកមកដល់​មណ្ឌល​​កំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជា​បណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវ ដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីគណៈ​មេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទ​ទូទាំងប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ។

សូមជម្រាបថា ក្នុងដំណើរការសំណេរនៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាព​ស្ងប់​ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តន៍តាមសេចក្ដីណែនាំរបស់​ក្រសួង​អប់រំ យុវជន និងកីឡា។ ទន្ទឹមនេះ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបាន​ប៉ះ​ពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការ​អប្ប​​មាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈ​កម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយការ​យកចិត្ត​ទុក​ដាក់ និងទំនួលខុសត្រូវ និងដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុក​រលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ បេក្ខជនបានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់​ខ្លួននូវ​សំណៅឯកសារ និងឧបករណ៍ហាមឃាត់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គងមាន១ករណីគត់ ។

ក្រសួងកំណត់ យកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្ត ផ្សេងៗ​នៅ​ទូទាំងប្រទេស៕

ប្រភព៖ AKP