មន្ត្រីអាជ្ញាធរទន្លេសាប ចុះសិក្សាស្រាវជ្រាវការធ្វើអាជីវកម្ម សិប្បីសត្វនិងឧរង្គសត្វ នៅខេត្តសៀមរាប

0

សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និង អភិរក្សសិប្បីសត្វ និង ឧរង្គសត្វ របស់មន្ត្រីអាជ្ញាធរទន្លេសាប ដឹកនាំដោយលោក អ៊ូ ទូច បានបន្តចុះសិក្សាស្រាវជ្រាវ ការធ្វើអាជីវកម្ម សិប្បីសត្វ និង ឧរង្គសត្វ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង, ឃុំកែវពណ៌ ស្រុកពួក, និង សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យ ការធ្វើអាជីវកម្មលើធនធានធម្មជាតិ របស់នាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និងអភិរក្ស បានឱ្យដឹងថា ការចុះសិក្សានេះក្រុមការងារស្រាវជ្រាវរបស់លោក បានជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី ដើម្បីឈ្វេងយល់ពីស្ថានភាពលើការធ្វើអាជីវកម្មលៀស, ខ្ចៅ,ខ្យង, ពស់, និងអណ្តើក ។ បានជួបសម្ភាន៍សជាមួយអ្នកនេសាទ និងអាជីវករលើការធ្វើអាជីវកម្ម លើប្រភេទលៀស, ខ្ចៅ, ខ្យង, ពស់, និងអណ្តើក ព្រមទាំងបានរចុះពិនិត្យ កត់ត្រាទម្ងន់ តម្លៃ នៅតាមទីតាំងអាជីវកម្មនីមួយៗ ។

លោក អ៊ូ ទូច បន្តថា ជាមួយនឹងសកម្មភាពនេះផងដែរ ក្រុមការងារបានចុះសិក្សា លើការធ្វើអាជីវកម្ម សិប្បីសត្វ និងឧរង្គសត្វ ជាលទ្ធផលឃើញថា ការធ្វើអាជីវកម្មមានចំនួន ៤ទីតាំង មាន លៀស, ខ្ចៅ, ខ្យង, មានប្រមាណ ១ទៅ២តោន ក្នុងមួយថ្ងៃ ពស់ និង អណ្តើក មានប្រមាណ ៦០ទៅ៨០ គីឡូក្រាមក្នុងមួយថ្ងៃ ។ ចុះសិក្សាកាធ្វើអាជីវកម្មលៀស, ខ្ចៅ, ខ្យង, ពស់, និង អណ្តើកមានបរិមាណថយចុះនៅក្នុងរដូវបើកនេសាទ ឯតម្លៃលៀសសម្រាប់ហូប ១ ០០០ទៅ១ ៥០០រៀល ក្នុងមួយគីឡូក្រាម, លៀសចំណីសត្វ ៥០០ទៅ៨០០រៀលក្នុងមួយគីឡូក្រាម, ខ្ចៅដូងតម្លៃ ២ ៥០០ទៅ៣ ០០០រៀល ក្នុងមួយគីឡូក្រាម,ខ្យងតម្លៃ ៤ ៥០០ទៅ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម, ពស់តម្លៃ ១២ ០០០ទៅ៤០ ០០០រៀល ក្នុងមួយគីឡូក្រាម, អណ្តើកតម្លៃ ៤០ ០០០ ទៅ៥០ ០០០រៀល ក្នុងមួយគីឡូក្រាម ។ ចំពោះការធ្វើអាជីវកម្មលៀស, ខ្ចៅ, ខ្យង, ពស់, និង អណ្តើក គឺឈ្មួញលក់ក្នុងខេត្តផ្ទាល់ និងចំនួនទៀត ធ្វើការនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម ។

សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ ការធ្វើអាជីវកម្មសិប្បីសត្វ និង ឧរង្គសត្វ គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប ។

សកម្មភាពខាងលើនេះ មានគោលបំណងសិក្សាតាមដានបរិមាណ នៃការធ្វើអាជីវកម្ម លៀស, ខ្ចៅ, ខ្យង, ពស់, និង អណ្តើក ហើយមន្ត្រីអាជ្ញាធរទន្លេសាប ក៏បានសិក្សាចរន្តទីផ្សារនៃការធ្វើអាជីវកម្មលៀស, ខ្ចៅ, ខ្យង, ពស់,និង អណ្តើក ព្រមទាំងសិក្សាពីផលប៉ះពាល់ នៃការធ្វើអាជីវកម្ម លៀស, ខ្ចៅ,ខ្យង, ពស់, និងអណ្តើក ផងដែរ ៕

ប្រភព៖ AKP