កម្ពុជា -ចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន

0

ភ្នំពេញ៖ ភាគីកម្ពុជា និងចិនបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។​ យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថាឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមពីសំណាក់ ឯកឧត្តម ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជា ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៅទីស្ដីការក្រសួង។

ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និង ឆ្នាំមិត្តភាពកម្ពុជា-ចិន ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ឯកឧត្ដមទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះការរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកម្ពុជា-ចិន និងកោតសរសើរចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តម ឡូវ ឈីនជៀន បានអបអរសាទរកម្ពុជាចំពោះការរៀបចំការបោះឆ្នោតសកលដោយ ជោគជ័យ និងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដោយរលូនក្នុងឆ្នាំនេះ។

ឯកឧត្តម បានបង្ហាញនូវ ជំនឿចិត្តថា កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អត្រាអ្នកទៅបោះឆ្នោតខ្ពស់ និងការគាំទ្រដ៏ ច្រើនលើសលប់ចំពោះរាជរដ្ឋាភិបាលកម្ពុជា គឺដោយសារប្រជាជនមានទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុង ការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ ប្រជាជន។

ជាមួយគ្នានោះដែរឯកឧត្តម បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់មិត្តចិន ចំពោះការគាំទ្រ និងជំនួបមិន អាចកាត់ថ្លៃបាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៨ បានទាន់ពេលវេលា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោនានា នៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ភាគីទាំងពីរបានសង្កត់ធ្ងន់អំពី សារៈសំខាន់ នៃការជំរុញការវិនិយោគរបស់ចិនឱ្យបានច្រើននៅកម្ពុជា ជាពិសេសការប្ដេជ្ញាចិត្តក្នុងការ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ដោយរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជា ពិសេស ជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ភាគីទាំង ពីរបានផ្លាស់ប្ដូរយោបល់លើការជំរុញ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន» ក្នុងឆ្នាំ ២០២៤ ឱ្យ ក្លាយទៅជាឆ្នាំប្រកបដោយផ្លែផ្កាជាមួយនឹងលទ្ធផលជាក់ស្ដែង តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចិនបន្ថែមទៀត និងការហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ជាពិសេសមកកាន់ខេត្ត សៀមរាប។

ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកូសង់ស៊ីស ជាយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរ រួមទាំងការបង្កើត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”៕

ប្រភព៖ AKP