ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនបានជ្រើសរើសប្រទេសណាមួយជាសត្រូវនោះទេ ហើយស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ការគូសបញ្ជាក់របស់សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយមានការបែងចែកច្រើន តែក្នុងនោះមានចំនួនបីសំខាន់ ទី១. គោលនយោបាយបញ្ចប់សង្គ្រាម តាមរយៈនយោបាយ ឈ្នះ ឈ្នះ ទី២. គោលនយោបាយសេដ្ឋកិច្ចបើកចំហដោយវិនិយោគផលឱ្យប្រជាពលរដ្ឋ និងទី៣. នយោបាយការទូត។ សម្ដេចធិបតីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «បើគ្មានសុខសន្តិភាពទេ បងប្អូនដឹងហើយប្រវត្តិសាស្ត្រកុំនិយាយថាធ្វើអ្វីទាំងអស់ កត្តាមួយទៀតគឺគោលនយោបាយត្រឹមត្រូវមានន័យថាយកពេជ្រមិនទាន់ប្រើទៅច្នៃ ហើយក៏បានមកចែកដល់បងប្អូនគ្រប់គ្នា មិនមែនយកដាក់ទូរតាំងដូចសម័យប៉ុលពតនោះទេ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «យើងមិនយកប្រទេសណាជាសត្រូវនោះទេ យើងស្វាគមន៍ទាំងអស់ អីចឹងបានជាខេត្តព្រះសីហនុមានទាំងអ្នកវិនិយោគមកពីចិន ជប៉ុន អឺរ៉ុប អាម៉េរិក និងប្រទេសច្រើនផ្សេងទៀត»។ សម្តេចធិបតីបានឱ្យដឹងទៀតថា មានអ្នកខ្លះមិនទាន់បានកាន់អំណាចផងក៏ជេរប្រទេសនោះ កាន់យកប្រទេសនេះ តែបើយើងប្រកាន់យកប្រទេសណាមួយនោះយើងនឹងវេទនា ជាមិនខាន។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា នយោបាយការទូតពិតជាសំខាន់ណាស់ ព្រោះថាកម្ពុជាបាននាំផលិតទៅកាន់អឺរ៉ុប អាហ្វ្រិក ចិន មជ្ឈឹមបូព៌ា អាស៊ាន ហើយយើងអត់យកប្រទេសណាជាសត្រូវទេ ដែលប្រជាពលរដ្ឋបានចេញទៅរៀននៅក្រៅប្រទេសហើយគាត់បានមកលេងកម្ពុជា។
ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ផងដែរថា ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពជាច្រើន ក្នុងការផលិតផ្គត់ផ្គង់ដោយផ្ទាល់ខ្លួនឯង និងនាំចេញ ទៅក្រៅប្រទេសផងដែរ។ សម្ដេចធិបតីបានរម្លឹកដែរថា ចាប់តាំងពី១៩៧៩មក កម្ពុជា បានពឹងផ្អែកជំនួយបរទេសជាច្រើន ហើយសុខភាពប្រជាពលរដ្ឋ ក៏ជួបការលំបាក ជាពិសេសទៀតនោះ គោលនយោបាយ ក៏ត្រូវបំផ្លាញ នៅសល់តែគ្រាប់មីនពេញផ្ទៃដី។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា៖ «ឥឡូវ យើងមានលទ្ធភាពម្ចាស់ការខ្លួនឯងជាច្រើន ហើយយើងមានសមត្ថភាពផលិតផ្គត់ផ្គង់ផ្ទៃក្នុងរបស់យើងមានច្រើន។ ឆ្នាំ១៩៧៩ ឬ១៩៨០ យើងនាំអង្ករ នាំសម្ភារ និងស្បៀងមួយចំនួនទៀត នាំចូលមកកម្ពុជា។ ឥឡូវយើងផលិតខ្លួនឯង ហើយផលិតនាំចេញទៅទៀត»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងឱ្យដឹងទៀតថា កាលពីឆ្នាំ១៩៩៤ សូម្បីតែទឹកក្រូច ក៏នាំចូលមកកម្ពុជាដែរ ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតទឹកក្រូចនៅខេត្តព្រះសីហនុ៕
ប្រភព៖ AKP