ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យដំណើរការសំណេរនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ នៃដំណើរការសំណេរ ដោយស្ថានភាពនៅមណ្ឌលប្រឡងមានបរិយាកាសស្ងប់ស្ងាត់។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣បានលើកឡើងថាក្នុងដំណើរការប្រឡងនេះ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្រសួងថាការឆែកឆេរដ៏តឹងតែងនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ ក្នុងដំណើរការប្រឡង។
ជាមួយគ្នានោះដែរក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
ក្រសួងអប់រំបានលើកឡើងថាក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ជាមួយគ្នានោះដែរក្រសួងអប់រំបានលើកឡើងថាភាពស្ងប់ស្ងាត់តាមមណ្ឌលសំណេរក្នុងម៉ោងទី១ ព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣
នៅវិញ្ញាសាទី១ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ៖ អក្សរសាស្ត្រខ្មែរ ពីម៉ោង ៧:៣០ ដល់ ៩:០០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងគណិតវិទ្យា ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
នាព្រឹកថ្ងៃទី២នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់៕
ប្រភព៖ AKP