ព្រះសីហនុ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្យាជំរុញឧស្សាហកម្មដែលមានកម្រិតខ្ពស់ និងតម្លៃខ្ពស់មកវិនិយោគខេត្តព្រះសីហនុ។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្តេចធិបតី បានថ្លែងថា បងប្អូនដែលមកធ្វើការនៅខេត្តព្រះសីហនុមិនមែនមានជម្រើសតែមួយលើវិស័យកាត់ដេរទេ គឺមានឧស្សាហកម្មផលិត រថយន្ត ម៉ូតូ គ្រឿងបង្គុំអគ្គិសនី និងសម្ភារពេទ្យជាដើម។
សម្ដេចថ្លែងថា ខេត្តព្រះសីហនុមួយបើធ្វើត្រូវអាចចិញ្ចឹមបានទូទាំងប្រទេស ជាឆ្នាំងបាយនិងថាមពលសម្រាប់ខេត្តផ្សេងទៀត។យ៉ាងណាក៏ដោយ បើគ្មានសន្តិភាពគ្មានស្ថិរភាពគ្មានគោលនយោបាយត្រឹមត្រូវទេគឺមិនអាចធ្វើទៅរួចទេ ទោះបីខេត្តព្រះសីហនុជាខេត្តមានសក្ដានុពលនាំមុខគេមួយផ្នែកសេដ្ឋកិច្ចក៏ដោយ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី៕
ប្រភព៖ AKP