ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ នេះគឺជាថ្លែងបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «អាគារទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្គឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃតួនាទីនិងភារកិច្ច របស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយ ថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់បញ្ហា តាមមូលដ្ឋាន។» សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិតណាស់ គោលនយោបាយ នឹងអាចនៅទ្រឹងនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្តន៍ ហើយការអនុវត្តនោះទៀត នឹងមិនបានទទួលនូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួម ជាអ្នកសម្របសម្រួល។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ «ក្នុងន័យនេះ ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ»។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ទាំងក្របខណ្ឌនគរបាលជាតិ និងស៊ីវិល ដែលបានខិតខំបំពេញភារកិច្ចនៅក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋក្នុងគ្រប់កាលទេសៈ នៅពេលកន្លងមក ដែលជាកត្តាសំខាន់ នៅក្នុងការប្រែក្លាយគោលនយោបាយរបស់រដ្ឋាភិបាល ទៅជាលទ្ធផលជាក់ស្តែង នៅតាមមូលដ្ឋានជាក់ស្តែងជូនប្រជាពលរដ្ឋ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ការចូលរួម របស់មន្ត្រីគ្រប់ជាន់ថ្នាក់ ទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិល របស់ក្រសួងមហាផ្ទៃ នឹងត្រូវបន្តជាកត្តាសំខាន់ នៅក្នុងការអនុវត្តនូវគោលនយោបាយផ្សេងៗ ឱ្យមានប្រសិទ្ធភាពទូលំទូលាយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បន្ថែមថា៖ «ខណៈដែលយើងកំពុងសម្ពោធសមិទ្ធផល ជាទីមោទនភាព ពោលគឺអាគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃថ្ងៃនេះ ខ្ញុំសូមក្រឿនរម្លឹក និងបំផុសស្មារតីថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃផងដែរថា ជាមួយនឹងតួនាទីដ៏សំខាន់របស់ក្រសួងរាជរដ្ឋាភិបាល ក៏មានក្តីរំពឹងខ្ពស់ លើក្រសួងមហាផ្ទៃ។ ហើយក្តីរំពឹងនេះ នឹងទាមទារ នូវភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ មានមន្ត្រីដ៏សកម្ម និងជាពិសេសមាននូវមនសិការ ក្នុងការបម្រើជាតិ និងប្រជាជន ដោយមិនគិតពីឧបសគ្គ និងការនឿយហត់ណាមួយឡើយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំជឿជាក់ទាំងស្រុងថា ក្រសួងមហាផ្ទៃ នឹងអាចឆ្លើយតបបានទៅនឹងក្តីរំពឹងនេះ៕
ប្រភព៖ AKP