ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខ និងនាំអាវរងាចែកជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអំពាវនាវឱ្យកងកម្លាំងបន្តសហការពង្រឹងបញ្ហាសន្តិសុខ ជូនជាតិឱ្យបានល្អ

0

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក នៃក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ នៅយោធភូមិភាគទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ ​បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា «វិស័យការពារជាតិចង់កំណែទម្រង់ឱ្យមានពលទាហានកើនឡើងជាងនាយទាហាន ដែលមានចំនួនច្រើន ។ ដូច្នេះយើងទាមទារត្រូវតែបង្កើនចំនួនពលទាហាន ក្នុងន័យនេះមិនមែនមានន័យថា ត្រូវទម្លាក់ស័ក្កិនាយទាហាន ឱ្យមកជាពលទាហានទេ គឺយើងត្រូវជ្រើសរើសចំនួនពលទាហាន ហើយមានសមត្ថភាពកាន់តែល្អថែមទៀត » ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថា «ដើម្បីអនុវត្តន៍កំណែទម្រង់វិស័យការពារជាតិ ឱ្យបានប្រសើរឡើង យើងត្រូវការចូលរួមពីមេបញ្ជាការគ្រប់បណ្តាអង្គភាព ដើម្បីធ្វើការសហការកំណែទម្រង់ក្នុងវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួម ។ ត្រូវការជឿជាក់គាំទ្រទាំងស្រុង សម្រាប់វិស័យការពារជាតិទាំងមូល ក្នុងនោះទាមទារឱ្យមានការគាំទ្រទាំងចិត្ត ទាំងស្រឡាញ់ ទាំងឆន្ទៈ ដាច់ខាតស្មោះត្រង់ទាំងអស់គ្នា » ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្គត់ថា កន្លងមកសម្តេចតេជោ មានភាពហ្មត់ចត់ខ្លាំងក្លា ដើម្បីឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត គឺការគិតគូរជាពិសេសសម្រាប់វិស័យការពារជាតិ ថ្នាក់លើត្រូវការចាំបាច់យកចិត្តទុកដាក់ គឺ ដឹងសុខទុក្ខថ្នាក់ក្រោម ។ ជាងនេះថ្នាក់ក្រោមត្រូវគោរពបទបញ្ជាថ្នាក់លើឱ្យបានត្រឹមត្រូវ នេះជាកត្តាដែលអង្គភាពត្រូវការមិនអាចខ្វះបាន ។ លើសពីនេះ ការហ្វឹកហ្វឺនក៏ជាកត្តាស្នូលរបស់អង្គភាពនីមួយៗ ត្រូវត្រៀមឱ្យបានដើម្បីពង្រឹងកាយស្មារតីដល់នាយទាហាន និងពលទាហាន ។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តទៀតថា ក្រសួងការពារជាតិ និងសិក្សាឡើងវិញទៅលើច្បាប់យោធា ដើម្បីបង្កើនចំនួនយោធាកាតព្វកិច្ច នេះក៏ជាកំណែទម្រង់ក្នុងវិស័យការពារជាតិយ៉ាងចាំបាច់ផងដែរ ៕

ប្រភព៖ AKP