កំពង់ចាម៖ លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និង វិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ដោយលោកបានទទួលព័ត៌មានពីអតីតនិស្សិតបុរាណវិទ្យា អំពីសំណង់ដីរាងមូល មាននៅស្រុកចំការលើ ខេត្តកំពង់ចាម និងតាមរយៈការមើលតាម google earth លោកបានធ្វើដំណើរទៅពិនិត្យ និងសិក្សាបឋម កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។
នៅស្ថានីយបន្ទាយគូនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងស្ថានីយចំការអណ្ដូង ប្រមាណជា៥គីឡូម៉ែត្រ ក្នុងចន្លោះភូមិស្វាយទៀប និង ភូមិតាំងក្រង ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ។ មានកំពែងមូលរក្សានៅល្អពីកម្ពស់១ម៉ែត្រ ទៅ១,៥ម៉ែត្រ មានគូទឹកមូលដែលជាប្រឡាយបង្ហូរទឹកក្នុងខែវស្សា។ អង្កត់ផ្ចិតនៃស្ថានីយប្រហែល ២៥០ម៉ែត្រ ទៅ៣០០ម៉ែត្រ លោកមិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយនេះគ្រាន់ជាការស្មាន ។ លក្ខណៈនៃស្ថានីយនេះ មានរូមសណ្ឋានដូចគ្នាទៅនឹងស្ថានីយព្រែកឆ្លូងស្ថានីយភូមិមូល ឬ ស្ថានីយបន្ទាយគូ នៃអរិយធម៌មេមត់ ។ ប្រភេទស្ថានីយទាំងនេះខ្ញុំបានរកឃើញសរុប ៦២ស្ថានីយ ក្នុងនោះ ៣៦ទីតាំងស្ថានីយនៅកម្ពុជា និង ២៦ទីតាំងស្ថានីយនៅវៀតណាម ។ ស្ថានីយទាំងនេះ មានអាយុប្រមាណអំឡុង១៥០០ឆ្នាំ ទៅ២០០០ឆ្នាំមុនគ្រិស្ដសក រាជ ជាស្នាដៃរបស់ជនជាតិខ្មែរដើម មុនពេលដែលជនជាតិខ្មែរយើង ចុះមករស់នៅត្រង់វាលទំនាប នៃទន្លេមេគង្គ មុនពេលដែលបានទទួលអរិយធម៌ឥណ្ឌា ។
ការរកឃើញថ្មីនេះជាមោទនភាពមួយថ្មីថែមទៀត របស់អ្នកស្រុកចំការលើ ដែលមានភស្ដុតាងប្រវត្តិសាស្រ្ដ មនុស្សរស់នៅជាយូរលង់មកហើយ បន្ទាប់ពីស្ថានីយចំការអណ្ដូរ ៕
ប្រភព៖ AKP