ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្រារ ជាង១០នាក់បានស្នើសុំឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ជាង១០ករណី ដែល ពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិច លង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោ និងការសុំបង្រាបល្បែងស៊ីសងជាដើម។
ការលើកឡើងជាសំណើ និងសំណូមពរ ខាងលើនេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃពុធ៣រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនិងថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងផ្សារOCIC ខណ្ឌជ្រោយចង្វារ ។
ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋក៏បានសំណូមពរ ឱ្យអាជ្ញាធរ ជួយដោះ ស្រាយរឿងមន្ទីរដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ ចេញប្លង់រឹងឱ្យហើយ ពួកគាត់យកទៅបង់ពន្ធ ខាងពន្ធដារថា មិនត្រឹមត្រូវ ,ពលរដ្ឋសូមជួយដោះ ស្រាយបញ្ហាលិចលង់ភូមិដ្ឋាន,សូមជួយអន្តរាគមន៍ធ្វើប្លង់រឹងស្របច្បាប់, ពលរដ្ឋអុីស្លាម ស្នើសូមធ្វើអាជីវកម្មនេសាទលក្ខណៈ គ្រួសារ បានសមរម្យ , អ្នកគ្រូនៅវិទ្យាល័យព្រែកលាបសូមអាជ្ញាធរ ជួយដោះ ស្រាយបញ្ហានៅក្នុងសាលារៀនរឿងសាលាទឹកជំនន់, សូមជួយអន្តរាគមន៍រឿងបាត់គោដែល ចោរយកទៅកាប់សាច់, សូមជួយ ស្ថាបនាផ្លូវ សូមដកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវនិង សូមបង្គ្រាបល្បែងស៊ីសងនៅក្នុងភូមិជាដើម ។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបាន ឯកឧត្ដម ឃ្លាំង ហួត និងប្រធាន មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញធ្វើការ ស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពល រដ្ឋនៅនឹងកន្លែងរួចផងដែរ ។
ឯកឧត្ដម ឃ្លាំង ហួត បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះមានពលរដ្ឋចូលរួមសរុប ចំនួន៥៣៩ នាក់ ស្រី ១៣៦នាក់ ផ្ទាល់មាត់ ចំនួន១៤នាក់ ស្មេី ១៦ បញ្ហា និងជាលាយលក្ខណ៏អក្សរចំនួន ២៦ច្បាប់ ។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ យើងបានស្រាយបំភ្លឺនិងដោះស្រាយភ្លាមៗ ដោយឱ្យអាជ្ញាធរខណ្ឌនិងមន្ទីរជំនាញពាក់ព័ន្ធចុះធ្វើការដោះស្រាយ ។ ចំពោះសំណើ សុំកសាងហេដ្ឋាចរនាសម្ព័ន្ធខ្លះដែលត្រូវប្រើប្រាស់ថវិកាច្រើន ឯកឧត្ដមសូមឱ្យបងប្អូនរងចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាល រាជធានីភ្នំពេញ នឹងកសាងជូនភ្លាម។ ដោយឡែកចំពោះ ការស្នើសុំបង្រ្កាបល្បែងស៊ីសងនៅក្នុងភូមិ ករណីនេះ ឯកឧត្ដម សូមឱ្យកម្លាំងប៉ូលីសខណ្ឌនិងកងរាជអាវុធហត្ថត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូនប្រជាពល រដ្ឋផងដែរ ៕
ប្រភព៖ AKP