កែប៖ មន្ទីរបរិស្ថានខេត្តកែប បានរៀបចំយុទ្ធនាការដាំកូនកោងកាងចំនួន៦,០០០ដើម នៅតាមបណ្តោយមាត់សមុទ្រ នៃសហគមន៍អេកូទេសចរណ៍ភូមិថ្មី ស្ថិតនៅក្រុងកែប ក្រោម វត្តមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា មន្ទីរបានរៀបចំពិធីនេះបាន ៣ លើកមកហើយក្នុងឆ្នាំ២០២២ ដែលបានកូនកោងកាងសរុបចំនួន ១២ ០០០ដើម នៅ សហគមន៍នេសាទភូមិថ្មីនេះ។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានបាន ផ្ដល់កូន ឈើប្រណិតដល់សាលារៀន វត្តអារ៉ាម មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងសហគមន៍ ចំនួន១,៥០០ដើម ដោយសហការជាមួយរដ្ឋបាលក្រុងកែប ក្រុមហ៊ុនដៃគូ បានដាំកូន ឈើប្រណិត និងឈើហូបផ្លែចំនួន ៥៥០ដើម នៅទីលានទុកដាក់សំរាម និងកំពុងបន្តរៀបចំ ថ្នាលបណ្តុះកូនឈើបន្ថែមទៀត។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ដើម្បីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានដាំកូនកោងកាងចំនួន ៦ ០០០ដើមបន្ថែមទៀតនៅសហគមន៍នេសាទភូមិថ្មី។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ព្រៃកោងកាងបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូបយកនូវឧស្ម័នកាបូនិច និងជាតិពុល ផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករេចរឹល ទប់ស្កាត់ការហូរច្រោះបាក់ដី ច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆសមុទ្របន្តពូជ។ ការបាត់បង់នូវធនធាន ទាំងនេះនឹងនាំមកនូវការបាត់បង់ទីជម្រកសត្វពង ប្រភពអាហារសមុទ្រ ដែលធ្វើឱ្យថយ ចុះទិន្នផលនេសាទ និងរុក្ខជាតិ សមុទ្រ និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខុមាលរបស់មនុស្ស និងសេដ្ឋកិច្ចជាតិ។
ទោះបីយ៉ាងណា ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរបរិស្ថានត្រូវតែបន្ត កៀរគររកដៃគូគាំទ្រ ដើម្បីអនុវត្តន៍សកម្មភាពដាំកូនកោងកាងនេះនៅតាមមាត់ឆ្នេរ បន្តទៀត៕
ប្រភព៖ AKP