ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ

0

បរទេស៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារ ចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

បន្ទាប់ពីកញ្ញា ស៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តព្រះ សីហនុ បានធ្វើបទបង្ហាញ និងរាយការណ៍ជូនរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានដាក់ចេញនូវគោលការណ៍មួយចំនួនមានដូចជា៖ ទី១.អង្គភាពច្រកចេញ ចូលតែមួយត្រូវរៀបចំសេចក្តីជូនដំណឹងមួយ ស្តីពីការចុះស្រង់ទិន្នន័យអាជីវកម្មដល់ បងប្អូនអាជីវករ ដើម្បីឱ្យពួកគាត់យល់ដឹងពីអត្ថប្រយោជន៍ ស្តីពីការស្នើសុំការចុះ បញ្ជីអាជីវកម្ម, ២.អង្គភាពច្រកចេញចូលតែមួយបន្តចុះត្រួតពិនិត្យស្រង់ទិន្នន័យ អាជីវកម្ម ក្នុងក្រុង ក៏ប៉ុន្តែអង្គភាពត្រូវមានលិខិតបញ្ជាបេសកកម្ម ដើម្បីកាត់បន្ថយបញ្ហាប្រឈម និងចំណេញពេលវេលាប្រកបដោយតម្លាភាពក្នុងការគ្រប់គ្រងសម្រួលការងារ, ៣.រាល់ អាជីវកម្មដែលមិនបានចូលរួមសហការ ត្រូវធ្វើការអប់រំណែនាំដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងចាត់វិធានតាមផ្លូវច្បាប់, ៤.បញ្ហាអាជីវកម្មស្នើសុំជាកញ្ចប់ តម្រូវឱ្យពួកគាត់ស្នើ សុំយក អាជីវកម្មណាមួយដែលធំជាងគេ, ៥.ទាក់ទងសេវាបរិស្ថាន ត្រូវខិតខំធ្វើការពន្យល់ប្រជា ពលរដ្ឋឱ្យមានការយល់ដឹងពីកាតព្វកិច្ច នៃការស្នើសុំធ្វើអាជីវកម្ម,  ៦.អង្គភាពច្រកចេញ ចូលតែមួយត្រូវធ្វើការងារដោយភាពទន់ភ្លន់ ចុះពន្យល់ណែនាំបងប្អូនអាជីវករពីអត្ថ ប្រយោជន៍នៃច្បាប់ និងស្នើសុំឱ្យបន្តចុះស្រង់ស្ថិតិទិន្នន័យទីតាំងអាជីវកម្ម នៅក្នុងក្រុងព្រះសីហនុប្រកបដោយតម្លាភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំចំពោះមន្ទីរបរិស្ថាន ស្តីពីសេវាបរិស្ថាន ត្រូវត្រួតពិនិត្យទីតាំងណាខ្លះដែលមានអាងប្រព្រឹត្តិកម្ម ហើយកន្លែងមិនទាន់មានអាង ប្រព្រឹត្តិកម្ម ដើម្បីធ្វើការគ្រប់គ្រងគុណភាព ការធ្វើប្រព្រឹត្តិកម្មនៅតាមទីតាំងអាជីវកម្មរបស់ខ្លួនក្នុងក្រុងព្រះសីហនុ ចាំបាច់យើង ត្រូវចុះធ្វើការពន្យល់ណែនាំ ដើម្បីរួមគ្នាគ្រប់គ្រងសំណល់រឹង រាវក្នុងក្រុងព្រះសីហនុឱ្យបានល្អ ជាការចូលរួមលើកកម្ពស់សោភណភាព បរិ ស្ថានទីក្រុងទេសចរណ៍តំបន់ឆ្នេរប្រកប ដោយចីរភាព និងបៃតង ក្នុងនោះត្រូវលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបាន ចូលរួមសហការជាមួយក្រុមការងារចុះស្រង់ស្ថិតិទិន្នន័យអាជីវកម្មនៅក្នុងក្រុងព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុង ស្រុក ត្រូវធ្វើទម្រង់ចុះ ស្រង់ស្ថិតិទិន្នន័យ អាជីវកម្មនៅតាមក្រុង ស្រុកនីមួយៗ ដើម្បីការគ្រប់គ្រងឱ្យបានកាន់តែល្អ និងជំរុញការចូលរួម ថែរក្សាអនាម័យ បរិស្ថាន ទន្ទឹមនោះយើងត្រូវធ្វើការដោយឥរិយាបថទន់ភ្លន់ និងម៉ឺងម៉ាត់ ព្រោះយើងជាមន្ត្រីជាអ្នកបម្រើ សេវាជូនប្រជាពលរដ្ឋ ហើយក៏ជាការជួយសម្រួល លើកទឹកចិត្តដល់បងប្អូនអាជីវកររបស់យើងដែលមកសុំច្បាប់ធ្វើអាជីវកម្មនៅតាមការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ឬនៅអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តឱ្យ មានភាពងាយស្រួល៕

ប្រភព៖ AKP