កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្ដីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា នឹងទទួលបានការគាំទ្រជាបន្តបន្ទាប់ទៀតពីវិស័យឯកជនដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន” នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិភាគទាននិងការគាំទ្រទាំងនេះគឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លានិងគួរឱ្យកោតសរសើរទាំងសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាមនុស្សជាតិទាំងអស់មូល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាននិងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរ ជាតិដែលបានរួមចំណែកធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ខាងមុខ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖ «យើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើឱ្យសម្រេចបានដើម្បីធ្វើឱ្យប្រជាពលរដ្ឋយើងដីរបស់យើងក្លាយទៅជាកន្លែងដែលមិនមានរងហានិភ័យដោយសារគ្រាប់មីន»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងបន្ថែមថា៖ «វាជាមោទនភាពរបស់កម្ពុជាមិនត្រឹម តែដោះខ្លួនឯងប៉ុណ្ណោះទេគឺបានជួយទៅដល់នៅតាមបណ្ដាប្រទេសនានា ផងដែរក្នុងការបោសសម្អាតមីន»៕
ប្រភព៖ AKP