ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តា លកូនជាងជាជនជាតិកម្ពុជា ពិសេសគឺការផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត។ ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមហេង សួររដ្ឋមន្ត្រីក្រសួងការ ងារបាន ទទួលជួបពិភាក្សាការងារជាមួយលោក យ៉ូស៉ិហ៉ីសា កៃនុម៉ាក់ (Yoshihisa Kainuma) អគ្គនាយក្រុមហ៊ុនមីនីបៀ នារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ដែលតែងទទួលនិងផ្ដល់ការបណ្តុះបណ្តាលកូនជាង ដើម្បីឱ្យសិក្ខាកាមបង្កើនសមត្ថភាព និងជំនាញកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្ដល់ការបណ្តុះបណ្តាលដល់កូនជាងដែលជាជនជាតិកម្ពុជា ដើម្បីផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុនទៅឱ្យពួកគេ និងដើម្បីផ្តល់ ឱកាសឱ្យពួកគេទទួលបានបទពិសោធន៍បន្ថែម។ ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុនមីនីបៀបានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងក្របខណ្ឌវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា តាំងពីឆ្នាំ២០១១ ដែលជាពេលចាប់ផ្តើមវិនិយោគដំបូង។ គួរជម្រាបថា ក្រុមហ៊ុនមីនីបៀរបស់ជប៉ុនមួយនេះទទួលបានការកោតសរសើរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការបង្កើតបរិយាកាសទំ នាក់ទំនងវិជ្ជាជីវៈយ៉ាងល្អប្រសើរក្នុងសហគ្រាស ដែលជាគំរូសហគមន៍សុខសាន្តមួយគួរឱ្យ កត់សម្គាល់៕




ប្រភព៖ AKP