ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹង រួមចំណែកផ្តល់យុត្តិធម៌និងបង្កើតនូវសុខដុមរមនាក្នុងសង្គម ។ សម្តេចសង្ឃឹមថាអាជ្ញាធរជាតិនេះ នឹងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតទៅជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចូលរួមកាត់បន្ថយការចំណាយថវិកានិងពេលវេលាសម្រួលបន្ទុកនិងកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតុលាការជាពិសេសជំរុញដល់ការធ្វើសុខដុមរមនៅក្នុងសហគមន៍ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ ខែ តុលា២០២៣នៅបន្ទាប់ពីកិច្ចពិភាក្សាលើរបៀបវារការពិនិត្យលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើត ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានអនុម័ត ។
សម្តេចធិបតីមានប្រសាសន៍ថា៖«កិច្ចការងារនេះជាកិច្ចការដ៏សំខាន់មួយនៃកំណែទម្រង់វិស័យយុត្តិធម៌ខ្ញុំសូមឱ្យក្រសួងយុត្តិធម៌ពន្លឿននីតិវិធីសេសសល់ដើម្បីជំរុញឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះដាក់ឱ្យអនុវត្តបានឆាប់នាពេលខាងមុខ។ខ្ញុំសង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតទៅជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានកាត់បន្ថយការចំណាយថវិកានិងពេលវេលាសម្រួលបន្ទុកនិងកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតុលាការជាពិសេសជំរុញដល់ការធ្វើសុខដុមរមនានៅក្នុងសហគមន៍ »។
សម្តេចធិបតីបន្តថា ជាមួយគ្នានេះក្រសួងយុត្តិធម៌ត្រូវជំរុញធ្វើសន្ធានកម្មធ្វើការងារនេះជាមួយនឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ដទៃទៀតដូចជាយន្តការរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង យន្តការមជ្ឈត្តការពាណិជ្ជកម្មជាដើមដើម្បីធានាថា យន្តការទាំងនេះមានសង្គតិភាពនិងមានភាពបំពេញឱ្យគ្នាទៅវិញទៅមក។ កិច្ចការងារនេះសំខាន់ណាស់ធ្វើយ៉ាងណាកុំឱ្យមានការជាន់គ្នានឹងត្រួតគ្នា នៅក្នុងយន្តការដែលយើងបានបង្កើត។ អ្វីដែលចន្លោះប្រហោងយើងប៉ះបន្ថែម ដើម្បីពង្រឹងគោលដៅនៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ។
សម្តេចធិបតីបន្តថា៖អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់សូមពង្រឹងនិងធ្វើការសហការជាមួយគ្នា,កិច្ចការទាំងអស់នេះគឺដើម្បីផ្ដល់នូវជម្រើសន្ថែមជូនដល់ប្រជាពលរដ្ឋនៅក្នុងការដោះស្រាយបញ្ហាវិវាទ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖យន្តការថ្មីនេះគឺមិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យទៅប្រើសេវានេះទេប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ប្រជាពលរដ្ឋរបស់យើង ។ សម្តេចបន្តថា «ក្រែងលោមានការបកស្រាយខុសពីហ្នឹង ថាបង្កើតហើយទៅចាប់បង្ខំទីមួយមានបញ្ហាត្រូវតែដោះស្រាយនូវតុលាការបើមិនដោះស្រាយនៅតុលាការត្រូវបង្ខំឱ្យទៅដោះស្រាយតាមយន្តការនេះគឺមិនមែនទេ គឺផ្អែកលើការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ។ ហើយយើងផ្ដល់ភាពស្របច្បាប់ជូនគាត់ជាជម្រើសក៏ដូចជាការជួយដោះស្រាយវិវាទហើយយើងគ្រាន់ តែធ្វើយ៉ាងណាឱ្យមានប្រថាប់ត្រាបន្ថែមដើម្បីឱ្យការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះមានទម្ងន់ផ្លូវច្បាប់។ កុំឱ្យការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះហើយមិនមានអ្វីបញ្ជាក់ ដូច្នេះវាមិនមានទម្ងន់ ធ្វើអីភាគីទំនាស់មិនគោរពគ្នា,ព្រោះនៅតុលាការយើងមានសាលក្រម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួងយុត្តិធ៌មធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យមហាជនបានយល់អំពីច្បាប់យល់អំពីជម្រើសដែលរៀបចំនេះជូនប្រជាពលរដ្ឋ។អញ្ចឹងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងការពង្រឹងនូវប្រព័ន្ធយុត្តិធម៌គឺជាអាទិភាពសំខាន់សម្រាប់យើងនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះសំខាន់បំផុតគឺដោះស្រាយនិងរៀបចំ ពង្រឹងប្រព័ន្ធយុត្តិធម៌ឆ្លើយតបទៅនឹងប្រជាពលរដ្ឋយើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានលទ្ធផលជាក់ស្ដែង,មិនសំខាន់នៅលើក្រដាសដែលអានទេ,ប៉ុន្តែសំខាន់គឺយន្តការធ្វើយ៉ាងណាឱ្យមានលទ្ធផលផ្លែផ្កានៅលើដី ។ដូច្នេះយើងសង្ឃឹមថា អាជ្ញាធរជាតិនេះនឹងចូលរួមចំណែកដើម្បីផ្តល់យុត្តិធម៌និងផ្តល់នូវសុខដុមរនា។យន្តការនេះមិនទៅជំនួសតុលាការ ទេគឺជាយន្តការសម្រាប់ជួយសម្របសម្រួលក្រៅប្រព័ន្ធដើម្បីបំពេញបន្ថែមយន្តការដែលយើងមានស្រាប់និងជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ។
សម្តេចធិបតីក៏បានប្រគល់ភារកិច្ចបន្ទាន់ជូនទីស្ដីការគណៈរដ្ឋមន្ត្រីសហការជាមួយនឹងក្រសួងយុត្តិធម៌រៀបចំនីតិវិធីបន្តដើម្បីរៀបចំបញ្ជូនព្រះរាជក្រឹត្យនេះថ្វាយជូនព្រះមហាក្សត្រដើម្បីពិនិត្យនិងឡាយព្រះហស្ដលេខាដោយចាត់ទុកជាការប្រញាប់។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានទទួលយកនូវអនុសាសន៍ដល់ថ្លៃថ្លារបស់សម្ដេចធិបតីហើយខិតខំប្ដេជ្ញាចិត្តយកការទទួលខុសត្រូវមួយដើម្បីអនុវត្តន៍កិច្ចការឱ្យចេញជាលទ្ធផលជាក់ស្ដែងជាពិសេសការដោះស្រាយវិវាទប្រជាពលរដ្ឋនៅមូលដ្ឋានដែលជាការទន្ទឹងរង់ចាំរបស់ពួកគាត់ ៕
ប្រភព៖ AKP