ឯកឧត្តម ស៊ុន ចាន់ថុល ស្នើជប៉ុន ចូលរួមសហការជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការរៀបចំបង្កើតកម្មវិធីនានាដើម្បីទាក់ទាញវិនិយោគិន

0

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបាន ដឹកនាំកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិ ការចម្រុះកម្ពុជា-ជប៉ុន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា តំណាងក្រសួង- ស្ថាប័ន សមាគម អង្គការ និងវិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។ នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្តល់នូវសេចក្តីទុកចិត្តពីសំណាក់វិនិយោគិនបរទេសនិយាយជារួម និយាយដោយឡែកវិនិយោគិនជប៉ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការច្បាមយកកាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បរិស្ថានវិនិយោគដែលមានភាពអនុគ្រោះ និងរបបវិនិយោគដែលបើកចំហអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែង។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសំដែងនូវការអបអរសាទរជូនចំពោះឯកឧត្តមឧបនាយរដ្ឋមន្ត្រី ដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងបន្តចូលរួមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដាខ្ពស់។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន។ អង្គប្រជុំបានចាប់ផ្ដើមជជែកពិភាក្សាលើបញ្ហាប្រឈម និងសំណើសុំនានារបស់វិស័យឯកជន ហើយជាលទ្ធផលក៏ទទួលបាននូវដំណោះស្រាយជាវិជ្ជមាន ដើម្បីជំរុញកិច្ចសហការយូរអង្វែងបន្តទៀតរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមជាមួយអង្គការពាណិជ្ជ កម្មក្រៅប្រទេសជប៉ុន(JETRO) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិននានា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗរបស់កម្ពុជា ពន្យល់ជូនទៅកាន់វិនិយោគិនដែលមានសក្តានុពលក្នុងប្រទេសជប៉ុន។

គួរជម្រាបថា កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។ សូមបញ្ជាក់ថា ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២៦នេះ មានវិសាលភាពគ្របដណ្តប់លើវិស័យការងារ ពន្ធដារ ភស្ដុភារកម្ម ថាមពល និងពាណិជ្ជកម្ម៕

ប្រភព៖ ក្រសួងព័ត៌មាន