ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកសារដាស់តឿនរបស់សម្តេចតេជោ ស្តីពីភាពជាមន្ត្រីល្អ ជូនសិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០២៣នៃក្រសួងអប់រំ យុវជន និងកីឡា

0

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកសារដាស់តឿនរបស់សម្តេចតេជោ ស្តីពីភាពជាមន្ត្រីល្អ ជូនសិក្ខាកាមដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មីឆ្នាំ២០២៣នៃក្រសួងអប់រំ យុវជន និងកីឡា ។​

ថ្លែងប្រសាសន៍នាឱកាសពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣  ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានលើកឡើងនូវសារដាស់តឿនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា «ជាតិជាមន្ត្រីល្អដាក់ខ្លួនឱ្យទាប ឬកពារឱ្យសុភាព មារយាទឱ្យខ្ពស់ កុំបាត់ម្ចាស់ការ» ជូនដល់អង្គពិធី។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បន្ថែមលើការបណ្តុះបណ្តាលដើម្បីសមត្ថភាពវិជ្ជាជីវៈ មន្ត្រីដែលមានឥរិយាបទល្អ បំពេញការងារប្រកបដោយវិន័យ គុណភាព  និងគុណធម៌ នឹងធានាបានការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ដែលកំពុងមានការកើនឡើងជាលំដាប់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងការចូលរួមចំណែកអភិវឌ្ឍកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។  ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកអភិក្រមនៃការគោរព ៣ ចំណុចផ្ទាល់ខ្លួនរបស់ឯកឧត្តម ជូនសិក្ខាកាមបានបញ្ចប់វគ្គបណ្តុះបណ្តាល និងសិក្សាកាមដែលត្រៀមចេញទៅបំពេញការងាររដ្ឋបាលនៅក្រសួង ស្ថាប័ននាពេលខាងមុខនេះ ដោយក្នុងនោះរួមមាន៖ (១) ការគោរពចាស់ទុំ គឺចេញមកពីគុណធម៌ សីលធម៌ (២) ការគោរពឋានានុក្រម ដែលកើតចេញមកពីការតែងតាំង និង(៣)ការគោរពវីរភាពអ្នកដឹកនាំ គឺកើតចេញមកពីឧត្តមគតិ។

ក្នុងពិធីដដែលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ចំពោះការផ្តល់កិច្ចសហការជាបន្តបន្ទាប់ ជាពិសេសលើការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ជំនាន់ទី១ ឆ្នាំ២០២២ និងការសហការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ក្របខណ្ឌថ្មី ក្នុងឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថាការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តស្របតាមចក្ខុវិស័យ និងការចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិធានការគន្លឹះ ត្រង់ចំណុចទី២គឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព» ដែលក្រសួងមុខងារសាធារណៈដើរតួនាទីជាលេខាធិការដ្ឋានសម្រាប់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបជូនថា ពិធីបិទប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១ និងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល រួមនឹងវត្តមានចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងដឹកនាំក្រសួងមុខងារសាធារណៈ  ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល សិក្ខាកាមមន្ត្រីជាន់ខ្ពស់ជំនាន់ទី១ និងសិក្ខាកាមមន្ត្រីគ្រប់គ្រងរដ្ឋបាលក្របខ័ណ្ឌថ្មី ឆ្នាំ២០២៣ សរុបចំនួនប្រមាណ២០០នាក់៕

ប្រភព៖ AKP