ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត UENO Atsushi លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន(ប្រមាណ ៩,៧ លានដុល្លារអាមេរិក)ដើម្បីអនុវត្តន៍គម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ ក្នុងពិធីចុះហត្ថលេខានេះ បានធ្វើឡើង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។
គម្រោងនេះ មានគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនៅទូទាំងប្រទេសកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ជំនួយជប៉ុនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល អប់រំ ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីន ជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានអះអាងថា នេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕
ប្រភព៖ AKP