ភ្នំពេញ៖ ក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង ATscale ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គម្រោង ATscale ជាសារមួយរំលឹកអ្នកទាំងអស់គ្នាថា យើងមិនបោះបង់ចោលជនមានពិការភាពម្នាក់ណាឡើយ និងមិនគ្រាន់តែអភិវឌ្ឍកសាងមូលដ្ឋានផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេចក្តីសង្ឃឹមដល់ជនមានពិការភាពគ្រប់ៗរូប ហើយយើងមិនគ្រាន់តែផ្តល់នូវឧបករណ៍អវយវៈសប្បនិម្មិតនោះទេ តែយើងក៏ផ្តល់ដល់ពួកគាត់នូវសេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរជីវិតឱ្យប្រសើរឡើង។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា ការសហការគ្នា និងបំពេញគ្នាទៅវិញទៅមកនេះ បាន និងបង្កើតឱ្យមានប្រព័ន្ធ និងសេវាស្តារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសប្បនិម្មិតគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យផលប្រយោជន៍ជនមានពិការភាព។ តាមរយៈអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថា មានប្រជាជនប្រហែល ២,២លាននាក់ កំពុងរស់នៅដោយមានពិការភាព ក្នុងចំណោមនោះ ជនមានពិការភាពលើស ៣២០ ០០០នាក់ មានការលំបាកខ្លាំងក្នុងធ្វើចលនាប្រចាំថ្ងៃ។ ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំងក្នុងការធ្វើចលនាទាំងនោះ មានចាស់ជរា អ្នកជំងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែក និងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសារមីន និងគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការរក្សាបានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានសន្តិសុខដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ធ្វើឱ្យមានការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន។ នៅអាណត្តិមុនៗរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះការងារថែទាំសុខភាពបឋម ត្រូវបានកែលម្អ និងបានចូលរួមចំណែកដល់ភាពរីកចម្រើន និងជោគជ័យផ្នែកសុខភាព ក្នុងប្រទេសកម្ពុជា ដោយបានកាត់បន្ថយបានជាអតិបរិមា នូវអត្រាឈឺ និងស្លាប់របស់ទារក កុមារមានអាយុ ៥ឆ្នាំ និងស្រ្តី ជំងឺឆ្លង ដូចជា អេដស៍ គ្រុនចាញ់ របេងជាដើម។
សូមជម្រាបជូនថា គម្រោង ATscale សម្រាប់ពង្រឹងសេវាស្តារលទ្ធភាពពលកម្មជនពិការ និងកម្មវិធីសុខភាពភ្នែក ត្រូវបានសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសណ្ឋាគារកាំបូឌីយ៉ាណា៕
ប្រភព៖ AKP