ថៃសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពី ៥២ដុល្លារអាម៉េរិក មកនៅត្រឹម ១៣ដុល្លារអាម៉េរិក

0

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់កម្មករនិយោជិតកម្ពុជាពីចំនួនប្រមាណ ៥២ដុល្លារអាម៉េរិក មកនៅត្រឹមប្រមាណ ១៣ដុល្លារអាម៉េរិកប៉ុណ្ណោះ ដោយអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០២៣។

ការសម្រេចបញ្ចុះតម្លៃនេះធ្វើឡើង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនូវសំណើនេះនៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) កាលពីចុងខែកញ្ញា ឆ្នាំ២០៣ កន្លងទៅ នៅក្នុងឱកាសដែលឯកឧត្តមមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិតប្រមាណជាង ១០.០០០នាក់ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា «តាមរយៈលទ្ធផលនៃជំនួបទ្វេភាគីរបស់សម្តេចធិបតីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីថៃដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីចុងខែកញ្ញាកន្លងទៅនេះ រាជរដ្ឋាភិបាលថៃបានឯកភាពតាមសំណើ និងការលើកឡើងរបស់សម្ដេចធិបតី ដែលស្នើសុំឱ្យភាគីថៃសម្របសម្រួល និងបន្ថយនូវបន្ទុកចំណាយផ្សេងៗ។ ឥឡូវនេះ រាជរដ្ឋាភិបាលថៃបានសម្រេចបញ្ចុះតម្លៃទិដ្ឋាការការងារដល់បងប្អូនកម្មករនិយោជិតដែលពីមុនមានចំនួន ១៩០០បាត (ប្រមាណ ៥២ដុល្លារអាម៉េរិក) មកនៅត្រឹមតែ ៥០០បាត (ប្រមាណ ១៣ដុល្លារអាម៉េរិក) ប៉ុណ្ណោះ ដែលអត្រាថ្មីនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែ១២ [ឆ្នាំ២០២៣] ខាងមុខនេះ»។

ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាពលករកម្ពុជាដែលចេញទៅធ្វើការងារនៅក្រៅប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែលើកនូវសំណើនានាជូនទៅដល់ភាគីប្រទេសជាមិត្តដែលជាម្ចាស់ផ្ទះទទួលពលករកម្ពុជាឱ្យធ្វើការសម្របសម្រួល និងថែទាំពលករជាបន្តជាបន្តបន្ទាប់។

ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម សេដ្ឋា ថាវីស៊ីន សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ «ស្របច្បាប់» របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

សម្រាប់ភាគីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានមានប្រសាសន៍ថា ពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃនឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕

ប្រភព៖ AKP