បរទេស៖ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានបញ្ជាក់ថា យោងតាមទិន្នន័យដែលទទួលបាន នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ មន្ទីរកិច្ចការនារីរាជធានី ខេត្ត ទាំង២៥ បានផ្ដល់សេវាជូនជនរងគ្រោះចំនួន ២៧៤ករណី និងមានករណីរំលោភ ២៥៩ករណី ក្នុងនោះជនល្មើសជាប់ពន្ធនាគារចំនួន ២២៩នាក់ រត់គេចខ្លួន ៦៤នាក់ និងបញ្ជូនទៅតុលាការចំនួន ២២៩ករណី ហើយករណីរំលោភបំពានស្ដ្រី និងកុមារ ក្នុងឆ្នាំ២០២២ មានចំនួន ៣០៧ករណី ក្នុងនោះមានរំលោភ២៨២ករណី ស្លាប់៣ករណី ជនល្មើសជាប់ពន្ធនាគារ ២៥៨នាក់ រត់គេចខ្លួន៥១នាក់ និងបញ្ជូនទៅតុលាការ២៥៨ករណី។
លោកជំទាវ ហ៊ូ សាមិត្ត បានបញ្ជាក់បែបនេះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ” ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ដ្រី និងក្មេងស្រី ” ជូនដល់សិក្ខាកាមដែលជាគ្រូបង្គោល មកពីរាជធានី ខេត្តចំនួន៩ រួមមាន៖ ខេត្តកំពង់ចាម,ព្រះសីហនុ, កោះកុង, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, មណ្ឌលគិរី, ស្វាយរៀង, និងខេត្តកែប ដែលមានសិក្ខាកាមចូលរួម ៤២នាក់ ដែលរៀបចំដោយក្រសួងកិច្ចការនារី សហការជាមួយមន្ទីរកិច្ចការនារីខេត្តកែប ព្រឹកថ្ងៃធុព ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយមានការជូលរួមពីលោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសេដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។
លោកស្រី គឹម ចន្នី អភិបាលរងខេត្តកែប មានប្រសាសន៍ថា ខេត្តកែបមានបទល្មើសព្រហ្មទណ្ឌ ៧ករណី,បទឧក្រិដ្ឋ៥ករណី ចំពោះបទល្មើសការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទពុំមានឡើយ ។ កន្លងមកមន្ទីរកិច្ចការនារីខេត្ត បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទស្ដ្រី និងក្មេងស្រី, ទប់ស្កាត់ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរមនុស្ស, អាជីវកម្មផ្លូវភេទ, ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣លើក ជូនដល់មន្ត្រីបង្គោលយេនឌ័រតាមមន្ទីរវិស័យក្រុង ស្រុក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ-សង្កាត់, បានបញ្ជ្រាបការយល់ដឹងអំពីការទប់ស្កាត់ អំពើរំលោភបំពានផ្លូវភេទលើស្រ្ដី និងកុមារ ក្នុងកិច្ចប្រជុំ, សិក្ខាសាលា, ទិវានារីអន្ដរជាតិ ៨មីនា។
លោកស្រីអភិបាលរងខេត្តបានបន្ដថា ឆ្នាំ២០២២កន្លងទៅ ខេត្តកែបបានកាត់បន្ថយអត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប ពី១៦,៤៩ភាគរយ នៅឆ្នាំ២០២១ មកត្រឹម ២,៦១ភាគរយ នៅឆ្នាំ២០២៣នេះ ។
លោកជំទាវ ហ៊ូ សាមិត្ត មានប្រសាសន៍ថា អំពើរំលោភបំពានផ្លូវភេទ រួមមាន៖ ការរំលោភសេពសន្ថវៈ, អំពើប្រទូស្តកេរខ្មាស់, អំពើបង្ហាញកេរភេទ, អំពើរុកកួនខាងផ្លូវភេទ, អំពើអាសអាភាសប្រឆាំនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ, រូបភាព, និងសម្ភារអាស អាភាសផ្សេងៗ គឺជាអំពើខុសច្បាប់ ហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះ និងការអភិវឌ្ឍធនធានមនុស្ស ។
ក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ លោជំទាវក្រើនរម្លឹក គ្រូបង្គោលមកពីខេត្តទាំង៩ ឱ្យយកចិត្តទុកដាក់ តាមដានរាល់បទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទៅបន្ដអនុវត្តន៍ការងារ និងជួយដល់ជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ បានលើកឡើងនូវប្រធានបទរួមមាន៖ ការយល់ដឹងអំពីការរំលោភបំពានផ្លូវភេទ, ដំណោះស្រាយនានាពាក់ព័ន្ធនឹងអំពើរំលោភបំពានផ្លូវភេទ, ចំណុចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តន៍ ដើម្បីឈានទៅរកដំណោះស្រាយផ្លូវច្បាប់, សុខភាពផ្លូវចិត្ដ និងបញ្ហាចិត្តសង្គម, ការលើកកម្ពស់សីលធម៌សង្គម, ការការពារខ្លួន និងស្វែងរកជំនួយ, កិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយ នៅសហគមន៍ ៕
ប្រភព៖ AKP