កំពង់ចាម៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់អំពីករណីនិស្សិត និងប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានលើកឡើងថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំដែលគណបក្សប្រជាជនកម្ពុជាតែងបានយកចិត្តទុកដាក់ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩។
សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានប្រើប្រាស់យន្តការសម្របសម្រួល និងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដោយផ្តល់អាទិភាពខ្ពស់បំផុត លើសុខភាព និងសុវត្ថិភាព របស់និស្សិត និងប្រជាពលរដ្ឋ តាមរយៈ៖ ទី១. ត្រូវរកព័ត៌មានឱ្យបានទាំងអស់អំពីនិស្សិត និងអំពីទីតាំងរស់នៅ ហើយទី២. ត្រូវពិនិត្យមើលថា នរណាខ្លះនៅក្នុងតំបន់សុវត្ថិភាព និងតំបន់គ្មានសុវត្ថិភាព ។ ប្រសិនបើនៅក្នុងតំបន់គ្មានសុវត្ថិភាព គឺចាំបាច់ត្រូវសម្របសម្រួលឱ្យមកកាន់តំបន់សុវត្ថិភាពទាំងអស់ ហើយផ្តល់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងបន្តតាមដាន និងដោះស្រាយជាប់ជាប្រចាំពាក់ព័ន្ធនឹងការស្នាក់នៅ ការហូបចុក ការសិក្សា និងសុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ រហូតដល់ស្ថានភាពឈានទៅល្អប្រសើរ និងមានប្រក្រតីភាពឡើងវិញ ៕
ប្រភព៖ AKP