កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការការពារអាយុជីវិតប្រជាពលរដ្ឋគឺជាគោលដៅធំដែលរាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ និងបានធ្វើក្នុងរយៈពេល ៤៤ឆ្នាំកន្លងទៅនេះ ហើយនឹងខិតខំធ្វើបន្តទៅទៀត។ ការគូសបញ្ជាក់របសសម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១២ ០៦០ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ជីវិតប្រជាពលរដ្ឋគឺជាគោលដៅធំដែលរាជរដ្ឋាភិបាលបានខិតខំធ្វើក្នុងរយៈពេល ៤៤ ឆ្នាំមកនេះ បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្ដេចធិបតីបានអះអាងថា ការបញ្ចប់សង្គ្រាមដោយនយោបាយ ឈ្នះ ឈ្នះ ការប្រ យុទ្ធប្រឆាំងនៃជំងឺរាតត្បាតកូវីដ១៩ សង្គ្រោះជីវិតប្រជាពលរដ្ឋ សុខចិត្តបិទប្រទេស ខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលបញ្ហាទាំងនេះគឺជាការខិតខំធ្វើរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា៖ «ពាក់ព័ន្ធនឹងរឿងនៅអ៊ីស្រាអែល ខ្ញុំឃើញច្រើនណាស់ ហើយអ្នកខ្លះអ្នកនយោបាយចាស់វស្សាចេញមកវាយប្រហាររាជរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់រៃអង្គាសលុយដើម្បីសំបុត្រយន្ដហោះឱ្យនិស្សិតមកវិញ។ តែមកដល់ម៉ោងនេះ១០ថ្ងៃជាង អត់ឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្ដហោះទៅអាម៉េរិក ទៅបារាំង ទៅអូស្ត្រាលី រៃអង្គាសលុយ ខ្លួនឯងញឹក»។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា អ្នកខ្លះចោទរាជរដ្ឋាភិបាលថា គ្មានយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញ ការពារអាយុជីវិតប្រជាពលរដ្ឋ ប៉ុន្ដែជីវិតប្រជាពលរដ្ឋគឺជាគោលដៅធំដែលយើងបានធ្វើខិតខំធ្វើក្នុងរយៈពេល៤៤ឆ្នាំកន្លងទៅនេះ ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងផងដែរថា ចាប់តាំងពីថ្ងៃផ្ទុះដំបូងរាជរដ្ឋាភិបាលនៅតែតាមជាប់ជាប្រចាំ ហើយបានឱ្យមន្រ្តីរាយការណ៍មកសម្តេចមួយថ្ងៃ៤ដង ពាក់ព័ន្ធនឹងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល៕
ប្រភព៖ AKP