អាជ្ញាធរខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីរួមចំណែកការពារបរិស្ថាន

0

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរបរិស្ថាន បើកយុទ្ធនាការធ្វើការផ្សព្វផ្សាយ និងណែនាំទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសស្ត្រីមេផ្ទះ ឱ្យបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ ឬត្រូវកាត់បន្ថយក្នុងកម្រិតខ្ពស់ ដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅទូទាំងខេត្ត នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។

ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ត្ យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះមន្ទីរជុំវិញខេត្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្រោមប្រធានបទ « ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ស្របពេលដែលប្រទេសមានការអភិវឌ្ឍរីកចម្រើន សង្គមកាន់តែចាយវាយកាន់តែច្រើន និងងាកទៅរកផលិតផលប្រើប្រាស់ កាន់ តែងាយស្រួល ដូចជាផលិតផលប្លាស្ទិក ដែលប្រើតែម្តងហើយត្រូវបោះចោល ។ សំណល់ប្លាស្ទិកដែលបានកើនឡើងខ្ពស់ ក៏ដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាព និងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារ     ផ្សេងៗ ហើយអ្នកប្រើប្រាស់ចំណេះដឹងនៅមានកម្រិត ក្នុងការញែកសំរាមផងដែរ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ថង់ប្លាស្ទិកបានប្រើពេលវេលាយ៉ាងហោចណាស់១០០០ឆ្នាំ ដើម្បីរលាយទៅក្នុងធម្មជាតិ នេះជាពេលវេលាដ៏យូរបំផុត ដែលវាអាចកប់នៅក្នុងដី។ ថង់ប្លាស្ទិកបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវចម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ ។ ទន្ទឹមនេះសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយងាកទៅប្រើទម្លាប់បែបបុរាណវិញ កន្ត្រកជំនួសឱ្យថង់ប្លាស្ទិក ដើម្បីដាក់ម្ហូបអាហារ ឬនំចំណី និងរបស់ប្រើប្រាស់ផ្សេងទៀត។

លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយពីមន្ទីរបរិស្ថាន ខេត្ត ទទួលការឯកភាពពីរដ្ឋបាលខេត្ត មន្ទីរបានសហការជាមួយរដ្ឋបាលក្រុង ស្រុក រៀបចំយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលើកដំបូង ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីជំរុញឱ្យមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក១ ឬ២ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់សម្ភារមកជំនួសដូចជា ថង់អេកូបរិស្ថាន, ស្លឹកឈូក ជាដើម។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តថា រហូតដល់ពេលនេះ យើងបើកយុទ្ធនាការធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសស្ត្រីមេផ្ទះ បានចំនួន៥ក្រុង ស្រុក គឺក្រុងច្បារមន, ក្រុងឧដុង្គម៉ែជ័យ,ស្រុកសំរោងទង, ស្រុកសាមគ្គីមុនីជ័យ, និងស្រុកថ្ពង ស្មើនឹង៧៧សាលារៀន ។ សម្រាប់ថ្ងៃនេះក៏មានគ្រប់គ្រឹះស្ថានរដ្ឋ និង ឯកជន ទូទាំងខេត្តចំនួន៤៥៤គ្រឹះស្ថានសិក្សា ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៣៦ ៣៥៨នាក់ បានចូលរួមអនុវត្តន៍យុទ្ធនាការព្រមៗគ្នា ក្នុងពេលតែមួយ នៅតាមបណ្តាក្រុង ស្រុក ទំាង៩ក្នុងខេត្តកំពង់ស្ពឺ ៕

ប្រភព៖ AKP