កំពង់ចាម៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គ្មានប្រទេសណាមួយចង់បានភាពអសន្ដិសុខក្នុងប្រទេសនោះទេ។ជាមួយគ្នានេះ សម្ដេចធិបតី បានអរគុណប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមអនុវត្តសិទ្ធិសេរីភាពបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសុខសន្តិភាពតទៅទៀត ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២ ៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចធិបតីបានមានប្រសាសន៍ថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយល្អបំផុត ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មិនមែនផ្លាស់ប្តូរតាមការអំពាវនាវ ឬផ្តួលរំលំនោះឡើយ។

សម្ដេចធិបតី បានមានប្រសាសន៍ទៀតថា នៅប្រទេសប្រជាធិបតេយ្យខ្លះ អត់ទៅបោះឆ្នោតគឺខុសច្បាប់ ប៉ុន្តែនៅកម្ពុជា ពុំបានចាប់ទោសទណ្ឌបងប្អូនដែលពុំបានទៅបោះឆ្នោតឡើយ។ ការចេញទៅបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ គឺប្រព្រឹត្តិទៅដោយរលូន៕

ប្រភព៖ AKP