សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានធ្វើការណែនាំមួយចំនួនដល់អនុគណៈកម្មការ,ថ្នាក់ដឹកនាំមន្ទីរ, អង្គភាព, អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួត ឱ្យពិនិត្យផ្គូរផ្គង វាយតម្លៃឱ្យបានច្បាស់លាស់ និងយុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀម ចៀសវាងកើតចេញជាបាតុភាពមិនល្អ ។
ឯកឧត្តម អភិបាលខេត្តសៀមរាប ធ្វើការណែនាំបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។
កិច្ចប្រជុំនោះមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ន អាជ្ញាធរក្រុង ស្រុក និងមេបញ្ជាការ បញ្ជាការរង ស្នងការនគរបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជនផងដែរ ។
ដោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សំរាប់ឆ្នាំ២០២៣នេះ នឹងឈានចូលមកដល់នៅក្នុងខែវិច្ឆិកាខាងមុខនេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ពោលគឺមានរយៈពេល៤ថ្ងៃ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ដើម្បីត្រៀមរៀបចំពិធីបុណ្យនេះ ឱ្យមានភាពអធិកអធមនិងសុវត្ថភាព ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប នឹងប្រព្រឹត្តធ្វើឡើងនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរ ភ្ញៀវទេសចរបរទេស បានទស្សនាកម្សាន្តសប្បាយ ទៅតាមវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ របស់ដូនតាខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អភិបាលខេត្ត បានយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំស្តង់សម្រាប់បងប្អូនអាជីវករ ដែលមានបំណងចូលមកលក់ដូរនៅក្នុងឱកាសបុណ្យអុំទូកការរៀបចំភ្លើងបំភ្លឺ និងភ្លើងចម្រុះពណ៌ ការងារចរាចរណ៍ បង្គន់អនាម័យ ចល័ត ជាពិសេសសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងពេលដង្ហែរប្រទីប និង បាញ់កាំជ្រូចក្នុងឱកាសពិធីបុណ្យនេះ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ដែលមានទូកចូលរួមប្រកួត ឱ្យពិនិត្យផ្គូរផ្គងវាយតម្លៃឱ្យបានច្បាស់លាស់ យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀម ចៀសវាងកើតមានបាតុភាពមិនល្អ ។ ព្រោះថា រដ្ឋបាលខេត្តសៀម រាប បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភី តាមលំដាប់លំដោយផងដែរ ។ រីឯការរៀបចំខ្លោងទ្វារ ត្រូវធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរចូលមកកម្សាន្ត បានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀម រាប ៕
ប្រភព៖ AKP