សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន និងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវនោះទេ ហើយចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជនកាន់តែត្រូវបានពង្រឹងបន្ថែមទៀត

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា វិស័យឯកជន និងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវនោះទេ ហើយចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជនកាន់តែពង្រឹងបន្ថែមទៀត ក្រោមពាក្យស្លោក “រួមគិត រួមធ្វើ រួមទទួល ខុសត្រូវ”។ ការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង ៦ គឺ “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា វិស័យឯកជន និងរដ្ឋគឺជាដៃគូមិនមែនជាសត្រូវនោះទេ ហើយសម្ដេចក៏ចង់ឃើញភាពជាដៃគូរវាងរដ្ឋនិងឯកជនកាន់តែត្រូវបានពង្រឹងបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ក្នុងវិស័យអប់រំ និងគ្រប់វិស័យទាំងអស់រដ្ឋជាដៃគូ ហើយក៏ចង់ឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជនកាន់តែពង្រឹង ក្រោមពាក្យស្លោក “រួមគិត រួមធ្វើរួមទទួល ខុសត្រូវ”។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា ភាពជាដៃគូនេះមិនមែនគ្រាន់តែរួមគិតហើយលើកសំណើនោះទេតែត្រូវរួមធ្វើផង និងរួមទទួល ខុសត្រូវផង។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានជំរុញលើកទឹកចិត្តដល់ក្រសួងសុខាភិបាលត្រូវសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយវិស័យឯកជន វិស័យសុខាភិបាល ក្នុងគោលដៅរួមគឺការធានាដល់ការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពដល់ប្រជាជនក៏ដូចជាធានាដល់សុវត្ថិភាពឱសថនិងសុវត្ថិ ភាពចំណីអាហារ។

ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងស្ថាប័នជំនាញដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយន្តការរួមដែលមានស្រាប់បន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ សុវត្ថិភាពឱសថ សំដៅលើកកម្ពស់ដល់សុខភាពសាធារណៈរបស់ប្រជាជនជាអ្នកប្រើប្រាស់៕

ប្រភព៖ AKP