ប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មន្ទីពេទ្យជាតិ តេជោសន្តិភាពជាកន្លែងរែកពន្ធជួយមន្ទីពេទ្យផ្សេងៗនៅក្នុងរាជធានីភ្នំពេញ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ទីពេទ្យជាតិតេជោសន្តិភាពជាកន្លែងមួយប្រមូលផ្តុំទទួលព្យាបាលអ្នកជំងឺ ហើយជាកន្លែងរែកពន្ធជួយមន្ទីពេទ្យផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំពេទ្យដែល មានលក្ខខណៈទ្រង់ទ្រាយធំបែបនេះគឺជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ដោះស្រាយបញ្ហាចំពោះមុខនូវកំណើននៃជំងឺផ្សេងៗ។ កន្លែងដែលប្រមូលផ្តុំនៅទីនេះ ហើយជាកន្លែងមួយដែល ជួយរែកពន្ធនូវបន្ទុកនូវមន្ទីពេទ្យផ្សេងៗដែលមាននៅក្នុងរាជធានីភ្នំពេញ»។ សម្តេចធិបតីបានលើកឡើងថា មន្ទីពេទ្យជាតិតេជោសន្តិភាពនេះគឺជាកន្លែងមួយសម្រាប់ដោះស្រាយបញ្ហាជាចាំបាច់ណាមួយដែលកើតឡើង មិនដឹងជាមុនដូចជាជំងឺកូវីដ១៩ដែលកើតឡើងពេលកន្លងមក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ឱ្យដឹងថា៖ «អីចឹងយើងរៀបចំពេទ្យដែលធំនេះគឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ។ តែក៏មានអ្នកខ្លះថា ហេតុអ្វីក៏ធ្វើពេទ្យច្រើនម្ល៉េះ បើកម្ពុជាប្រទេសតូចមួយអីចឹង។ យើងធ្វើស្ថិតក្នុងលក្ខខណ្ឌ គិតវែងឆ្ងាយព្រោះថាយើងមានបទពិសោធន៍រួចហើយ(ជំងឺកូវីដ) យើងបម្រុងទុក នៅពេលមានករណីកើតឡើងជាយថាហេតុយើងនឹងប្រើវា ហេតុនេះហើយយើងសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះគឺជាគិតត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន»។

សម្តេចធិបតីបានលើកឡើងថា មន្ទីរពេទ្យនេះបង្កើតឡើងដើម្បីដោះស្រាយបញ្ហាចំពោះមុខដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះជីវភាព រស់នៅនិងសុខភាពប្រជាពលរដ្ឋនេះគឺជាបញ្ហាសំខាន់បំផុត ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា មន្ទីពេទ្យជាតិតេជោសន្តិភាពនេះមិនមែនធ្វើសម្រាប់តែប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនោះទេក៏សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងបណ្តាខេត្តនានា ដែលត្រូវការការព្យាបាលជំងឺ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ការបំពាក់សម្ភារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មិនអាចទៅបានទេបើសិនគ្មានកាដឹកនាំ និងការប្រតិបត្តិប្រកបដោយការទទួលខុសត្រូវ៕

ប្រភព៖ AKP