ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា បើគោលនយោបាយល្អតែការអនុវត្តគ្មានប្រសិទ្ធភាព មិនមែនជាគោលនយោបាយល្អនោះទេ ហើយគោលនយោបាយដែលមានប្រសិទ្ធភាពគឺគោលនយោបាយដែលផ្អែកលើមូលដ្ឋានជាក់ស្ដែង។ ការថ្លែងរបស់សម្ដេចធិបតីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិតេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រូសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយនីមួយៗរបស់រាជរដ្ឋាភិបាលគឺជាការទទួលខុស ត្រូវមិនមែនចេះតែសរសេរទេ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា គោលនយោបាយនីមួយៗរបស់រាជរដ្ឋាភិបាលមិនមែនចេះតែដាក់ចេញនោះទេពោលគឺមានការគិតគូរយ៉ាងហ្មត់ចត់ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមប្រាប់ថាគោលនយោបាយមួយៗ របស់រដ្ឋាភិបាលមិនមែនឆក់កន្ដៀតមិនមែនកើតឡើងពីការទៅ Google វាយអក្សរហើយកូពីផេសនោះទេ មិនមែនជាការសរសេរនិក្ខេបទដើម្បីឱ្យគ្រូយកដាក់ពិន្ទុជាប់ ឬមិនជាប់នោះទេ គោលនយោបាយនីមួយៗគឺជាការ ទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល»៕
ប្រភព៖ AKP