សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប៉ុន្ដែសុខភាពគឺជាកត្តាកំណត់នូវផលិតភាព និងសមត្ថភាពរបស់មនុស្ស

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប៉ុន្ដែសុខភាពគឺជាកត្តាកំណត់មួយនូវផលិតភាព និងសមត្ថភាពរបស់មនុស្ស។ ការលើកឡើងរបស់សម្ដេចធិបតីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធនធានមនុស្សគឺជាកត្តាសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហើយធនធានមនុស្សក៏ជាកត្តាដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។ ប៉ុន្ដែកត្តាចម្បងគឺសមត្ថភាពនិងសុខភាព បើមានសមត្ថភាពមានឱកាស ប៉ុន្តែបើសុខភាពទៅមិនរួចក៏យើងមិនអាចធ្វើអ្វីកើតដែរ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា៖ «ដូចនេះសុខភាពគឺជាកត្តាកំណត់មួយនូវផលិតភាពនិងសមត្ថភាពរបស់មនុស្ស ផ្ទុយទៅវិញបើមិនមានសុខភាពមិនមានចំណូលទេមានតែចំណាយគឺមិនអាចទៅរួចទេ។ អីចឹងការធានានូវការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់»។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ ហើយគោលនយោបាយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្ដិមុនក៏បានយកចិត្តទុកដាក់លើកត្ដា មនុស្ស ផ្លូវ ទឹក ភ្លើង ដែលមនុស្សនៅតែអាទិភាពទីមួយ ខណៈយុទ្ធសាស្ត្របច្ចកោណ ក្នុងអាណត្ដិទី៧នេះ ក៏ចាត់ទុកមនុស្សនៅ តែជាអាទិភាពទីមួយជាគោល ដូច្នេះការវិនិយោគទៅលើសុខាភិបាលនិងអប់រំនៅតែជាអតិភាពធំសម្រាប់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការបង្កើតនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពនេះគឺដើម្បីដោះស្រាយបញ្ហាចំពោះមុខដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះជីវភាពរស់នៅនិងសុខភាពប្រជាពលរដ្ឋនេះគឺជាបញ្ហាសំខាន់បំផុត៕

ប្រភព៖ AKP