ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលគឺបានគិតគូរពីបញ្ហាសុខភាពប្រជាជពលរដ្ឋជាធំព្រោះថាបើគ្មានសុខភាពល្អទេ គឺមិនអាចធ្វើអ្វីបាននោះទេ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានគិតគូរពីបញ្ហាសុខភាពជាធំ ព្រោះថាបើសុខភាពល្អទេយើងមិនអាចធ្វើអ្វីបានទេ»។ សម្តេចធិបតីបានបន្ដថា ការសម្ពោធមន្ទីពេទ្យជាតិតេជោសន្តិភាព នាថ្ងៃនេះក៏នឹងចូលរួមពង្រឹងគុណភាព និងវិសាលាភាពនៃសេវាសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាព និងសុខុមាលភាពសាធារណៈ ស្របតាមភាពស្លោក «មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលបានការថែទាំសុខភាពឡើយ»។ សម្តេចធិបតីបានបន្ដទៀតថា រាជរដ្ឋាភិបាលមានជំនឿជឿជាក់ថាជាមួយនឹងដាក់សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីពេទ្យជាតិតេជោសន្តិភាពតេជោនេះ សង្ឃឹមថាប្រជាពលរដ្ឋ កម្ពុជានឹងទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព ក៏ដូចជាគាំពារសុខុមាលភាពមួយល្អ។
សម្តេចធីបតីនាយករដ្ឋមន្រ្ដីគូសបញ្ជាក់បន្ថែមថា៖ «ពេទ្យនេះគឺជាមន្ទីពេទ្យមួយធំជាងនៅកម្ពុជាដែលមានគ្រែជិត១ម៉ឺនគ្រែ ។ ហេតុអ្វីបានយើងធ្វើពេទ្យធំនៅទីនេះ គឺចក្ខុវិស័យរបស់សម្តេចតេជោ បាន បញ្ជាក់ថាកន្លែងនេះគឺជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាចំពោះមុខក៏ដូចជាត្រៀមលក្ខខណៈជាយុទ្ធសាស្ត្រ»។ សម្តេចធិបតីក៏បានឱ្យដឹងទៀតថា ការបង្កើតមន្ទីពេទ្យនៅទីនេះគឺជាលក្ខខណ្ឌយុទ្ធសាស្ត្រទី១ ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងការផ្តល់សេវាសុខាភិបាលពហុព្យាបាលទាំងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលមានចំនួនមិនតិចទេ និងប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កាលពីជំងឺកូវីដ១៩បានផ្ទុះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅពិភពលោកគ្មានប្រទេសណាមួយបានត្រៀមលក្ខខណៈសម្រាប់ទប់ស្កាត់ ជំងឺនោះទាន់ពេលនោះទេ។ វិបត្តិកូវីដបានកើតឡើងទ្រង់ទ្រាយធំនៅគ្រប់ប្រទេសទាំងអស់ ហើយប្រទេសទាំងអស់មិនបានត្រៀមជាមុនទេ ហើយនិយាយដោយឡែកនៅកម្ពុជានៅ ឆ្នាំ២០២០ និង២០២១ គឺផ្ទុះជំងឺកូវីដ១៩ទ្រង់ទ្រាយធំ ដែលយើងបានត្រៀមតែពេទ្យរុស្សីមានតែជាង២០គ្រែប៉ុណ្ណោះដើម្បីព្យាបាល។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា៖ «យើងមិនបានគិតថាបញ្ហាជំងឺកូវីដ១៩មិនមែនជាបញ្ហាធំទេ តែដល់ពេលចាប់ផ្តើមផ្ទុះនៅក្នុងសហគមន៍ ហើយពេលប្រជាពលរដ្ឋចាប់ផ្តើមព្រួយបារម្ភដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។ យើងមួយជួយសង្គ្រោះជីវិតពលរដ្ឋដែលឆ្លងជំងឺកូវីដ មួយការពារកុំឱ្យរីករាលដាល ឆ្លងដល់អ្នកដទៃ»៕
ប្រភព៖ AKP