CDC ជំរុញអោយក្រុមហ៊ុនធំចិន BYD សិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្តនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជំរុញអោយក្រុមហ៊ុនធំចិន BYD សិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្តនៅកម្ពុជា ខណៈស្ថានីយសាករថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD បានពង្រីកវត្តមានជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីសញ្ញាណកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តសាកអគ្គិសនីក្នុងទីផ្សារកម្ពុជា។ ការជំរុញនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅឯប្រទេសចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ខេឌីង លូ (Kading Liu) នាយករងក្រុមហ៊ុន BYD បានលើកឡើងអំពីគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន BYD នៅកម្ពុជា។

យោងតាមហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុន [BYD] កំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២ និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២ ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀតនៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ហើយក្រោយពីការពង្រីកអាជីវកម្មនេះក៏នឹងផ្តល់ឱកាសការងារចំនួន ៣០០កន្លែងបន្ថែមជូនដល់កម្ពុជា»។


ហ្វេសប៊ុកដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន BYD ក៏នឹងនាំរថយន្តប្រភេទថ្មីផ្សេងៗទៀតចូលមកកាន់ទីផ្សាររបស់កម្ពុជាផងដែរ ដោយហេតុថាក្រុមហ៊ុនបានមើលឃើញអំពីស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសង្គម គោលនយោបាយឌីជីថលកម្ពុជា និងពិសេសការកើនឡើងយ៉ាងឆាប់រហ័សនៃចរាចរណ៍យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ៊ុន BYD ចូលរួមតម្លើងស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់យានយន្តអគ្គិសនី។

ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់យោបល់ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់រោងចក្រ សង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅប្រទេសកម្ពុជា ដោយហេតុថា ៦៥ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ»។


ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ប្រាប់លោក ខេឌីង លូ អំពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតជាដើម។

ដើម្បីជម្រុញការបណ្ដាក់ទុនក្នុងក្របខ័ណ្ឌយានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន BYD ចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានាដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើវិស័យយានយន្តអគ្គិសនី (EV) ជូនមកកម្ពុជា ដើម្បីអាចឱ្យក្រសួងពាក់ព័ន្ធទទួលបានជាធាតុចូលសម្រាប់តាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
ដោយឡែក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដដែលនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជួបជាមួយលោក ភុត លី (Put Lee) ប្រធានក្រុមហ៊ុន Xinyi Energy និងជាអនុប្រធានក្រុមហ៊ុន Xinyi Solar របស់ចិន ក្នុងទីក្រុងសិនជិន (Shenzhen) ប្រទេសចិន។

ហ្វេសប៊ុក ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងជំនួបនេះ លោក ភុត លី បានលើកសរសើរអំពីគុណភាពខ្សាច់របស់ប្រទេសកម្ពុជា ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតកម្មកញ្ចក់ ដោយក្នុងនោះក្រៅពីផលិតជាកញ្ចក់ធម្មតា ក្រុមហ៊ុនក៏អាចផលិតជាកញ្ចក់សូឡា (Photovoltaic Glass) ដែលអាចទាញយកថាមពលពន្លឺព្រះអាទិត្យយកមកប្រើប្រាស់បានផងដែរ។


ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីឱកាសវិនិយោគរបស់ក្រុមហ៊ុន Xinyi Solar ក្នុងការបង្កើតរោងចក្រនៅប្រទេសកម្ពុជាដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់ទីផ្សារនៅក្នុងតំបន់ ដោយហេតុថាកម្ពុជាមានខ្សាច់ដែលមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់។

ឯកឧត្តមបានអញ្ជើញលោកប្រធានក្រុមហ៊ុន Xinyi Energy ទៅទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «បន្ទាប់ពីបានស្តាប់ការពន្យល់ណែនាំអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏បានបង្ហាញការតាំងចិត្តថានឹងអញ្ជើញមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីភាពខ្លាំង សក្តានុពលសម្រាប់ផលិតកម្ម ព្រមទាំងស្វែងរកឱកាសដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា»៕

ប្រភព៖ AKP