សាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ នឹងជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ដល់អ្នកសារព័ត៌មានកម្ពុជា

0

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជានិងសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដែលសាកលវិទ្យាល័យបានផ្ដល់អាហារូបករណ៍ និងជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់មន្រ្ដីក្រសួងព័ត៌មាននោះ ឯកឧត្តម នាយឧត្តមសេនីយ៍ Nirute Ketusiri ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃបានគូសបញ្ជាក់ថា សាកលវិទ្យាល័យនឹងជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ដល់អ្នកសារព័ត៌មានកម្ពុជា ។ ការគូសបញ្ជាក់នេះ ក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។


ឯកឧត្តម នាយឧត្តមសេនីយ៍ Nirute Ketusiri បានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដីអំពីការសិក្សារបស់និស្សិតខ្មែរនៅទីនោះ និងបានកោតសរសើរកូនខ្មែរជានិស្សិត ដែលបានទៅបន្តការសិក្សានៅប្រទេសថៃ គឺពួកគេយកចិត្ដទុកដាក់ក្នុងការសិក្សារៀនសូត្រ មានភាពឆ្លាតវៃ និងរៀនពូកែ ។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយឯកឧត្តម បានសម្ដែងនូវអំណរគុណដល់សកលវិទ្យាល័យ ដែលបានផ្តល់នូវអាហារូបករណ៍មកឱ្យមន្ត្រីក្រសួងព័ត៌មាន និងកូនចៅ របស់ថ្នាក់ដឹកនាំ មន្រ្តីក្រសួងព័ត៌មាន ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានស្នើដល់ សាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ឱ្យពង្រីកការផ្តល់អាហារូបករណ៍ទៅឱ្យដល់អ្នកសារព័ត៌មាន បន្ថែមទៀត ក្រៅពីក្របខណ្ឌក្រសួងព័ត៌មាន ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ Nirute Ketusiri ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានឯកភាពគាំទ្រ ដោយលើកឡើងថា នឹងជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ដល់អ្នកសារព័ត៌មានកម្ពុជា ។


ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា ធនធានមនុស្សគឺដើរតូនាទីសំខាន់ ហើយរាជរដ្ឋាភិបាល ក៏បានផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះសម្រាប់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នេះ នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាព ដើរតូនាទីសំខាន់ជាសំឡេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជនទៅពិភពលោក។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានបញ្ជាក់ផងដែរថា ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តរបស់សង្គម ។


ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាននោះទេគឺសម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មផងដែរ ដោយក្រសួងបានដាក់ឱ្យដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព៕

ប្រភព៖ AKP