ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន នឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ចិន នឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិនឈ្មោះ វ៉ាន់លី ថាយអឺ (Wanli Tires) បានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។

ការសម្រេចចិត្តនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល លោក ជីង ក្វាងជូន (Jing Guangjun) នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងក្វាងចូវ (Guangzhou) ប្រទេសចិន។


ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត»។


បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកឡើងពីក្រុមហ៊ុន Xinyi Solar គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់កញ្ចក់ធំផុតក្នុងប្រទេសចិន ដែលមានរោងចក្រផលិតចំនួន១១ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ផលិតកញ្ចក់ប្រើសម្រាប់ទាញយកពន្លឺព្រះអាទិត្យប្រភេទវ៉ុលតាអ៊ីក (Photovoltaic) ឈានមុខគេរបស់ពិភពលោក ហើយបើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុននេះមានសមត្ថភាពរំលាយប្រចាំថ្ងៃសរុបចំនួន ២១ ៨០០តោន។


គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគ ស្របតាមជំហរបើកចំហទីផ្សារសេរីរបស់កម្ពុជា៕

ប្រភព៖ AKP