ភ្នំពេញ៖ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន និងកំពុងអនុវត្តការងារយ៉ាងសកម្ម លើការតុបតែង ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ងូតទឹក និងបង្គន់អនាម័យជាដើម និងបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសំរាមនៅលើសួនច្បារថែមទៀត។
លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣ ថា តាមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែខាងមុខនេះ មន្ទីរសាធារណការ មានភារកិច្ចជាច្រើន ដើម្បីលើកសោភណ្ឌភាពរបស់រាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង។
លោកប្រធានការិយាល័យបានគូសបញ្ជាក់ថា ក្រុមការងារបានកាត់មែកឈើ នៅតាមមហាវិថីសំខាន់ៗ ដូចជាមហាវិថីព្រះសីហនុ មហាវិថីព្រះសុរាម្រិត រួចរាល់ហើយ។ នៅសួនមាត់ទន្លេ បាន និងកំពុងអនុវត្ត មហាវិថីសុធារសនឹងអនុវត្តនៅសប្តាហ៍នេះ តិរិវិថីព្រះស៊ីសុវត្ថិនឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ និងមហាវិថីព្រះនរោត្តមនឹងអនុវត្តនៅសប្តាហ៍ទី២ខែវិច្ឆិកា ២០២៣។ ក្រុមការងារកំពុងអនុវត្តការងារលាបកំបោរពណ៌សតាមគល់ដើមឈើ និងខឿនផ្លូវ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងដាក់ភ្លើងលម្អតាមដើមឈើ បង្គោលភ្លើង សួនច្បារ និងស្ពានសំខាន់ៗ។ ដោយឡែក ការរៀបចំរបារកាត់ទទឹងផ្លូវ និងលាបគំនូសចរាចរណ៍តាមមហាវិថីសំខាន់ៗ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ លោកបានបន្តថា ការងារជួសជុលថ្មក្រានីតនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវត្តបទុម សួនសម្តេចនាយក និងសួនឆ្នេរទន្លេ បាននឹងកំពុងអនុវត្ត។ ការកែលម្អសួនរង្វង់មូលសម្តេចសង្ឃរាជជួន ណាត សួនច្រមុះជ្រូកខាងលិចសួនរង្វង់មូលជួន ណាត សួនសែនមនោរម្យ សួនរង្វង់មូលសំពៅមាស និងសួនច្រមុះជ្រូកខាងជើងស្ពានអាកាស៧មករា បានអនុវត្តរួចរាល់។ ការរៀបចំបន្ទប់ទឹកចល័តចំនួន ១០០ គ្រឿង (៨-១០ ទីតាំង) ចាប់ពីមុខផ្សាររាត្រីដល់ស្ពានកោះពេជ្រ នឹងអនុវត្តនៅចុងសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា មានការរៀបចំកម្លាំងចំនួន ៣៩២ នាក់ និងសម្ភារផ្សេងៗ សម្រាប់សម្អាតសំរាមនៅលើសួនច្បារក្នុងកំឡុងពេលបុណ្យអុំទូក និងរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ។ ការឈូសឆាយព្រៃត្រែង និងពង្រាបដី បាន និងកំពុងសម្របសម្រួល។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង និងផ្លូវ) នឹងអនុវត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយនឹងការរៀបចំបន្ទប់ងួតទឹកចំនួន ១០០ បន្ទប់ និងបង្គន់អនាម័យ ៣០០៕
ប្រភព៖ AKP