ភ្នំពេញ៖ ដោយមើលឃើញ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ឡើងខ្លាំង និងហូរកាត់ ផ្លូវ១០៤ ក្នុងភូមិសាស្ដ្រ សង្កាត់ទៀន ខណ្ឌដង្កោ នៅព្រឹកថ្ងៃសៅរ៏៧កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័កព. ស២៥៦៧ ត្រូវនិងថ្ងៃទី២១ តុលា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច បិតបណ្ដោះអាសន្ន ផ្លូវលេខ១០៤សិន ដើម្បីការពារក្រែងមានគ្រោះថ្នាក់ ដល់អាយុជីវិតក្នុងពេល ឆ្លងកាត់លើកំណាត់ផ្លូវនេះ ។
ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងថា ផ្លូវខាងលើនេះស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរបិទលំហូរចរាចរណ៍ប្រវែងជាង២គីឡូ ម៉ែត្រ ក្នុងនោះក៏មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពីនោះគ្រប់យានយន្តគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើកលែងតែម្ចាស់យានយន្តទាំងឡាយណាដែលជាពលរដ្ឋរស់នៅក្បែរៗ តំបន់រងគ្រោះនោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ។ នៅលើកំណាត់ផ្លូវលេខ១០៤ គិត ចាប់ពីកែងផ្លូវក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់នៃខេត្តកណ្តាល បានសម្រេច បិទលំហូរចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែស្ថានភាពផ្លូវត្រូវទឹកស្ទឹងព្រែកត្នោតហូរកាត់កាន់តែខ្លាំង ។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២១ខែតុលា ឆ្នាំ២០២៣នេះ លំនៅឋានពលរដ្ឋជាង១៦០០ខ្នងផ្ទះហើយ ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវទទួលរងនូវការជន់លិចពីទឹកស្ទឹងព្រែកត្នោត ។ ដោយក្នុង នោះទឹកស្ទឹង បានបង្កផលប៉ះពាល់ ដល់ភូមិចំនួន៣៣ភូមិ ក្នុងសង្កាត់ចំនួន០៩ ដោយមានពលរដ្ឋរងគ្រោះ សរុប៦៩៣៣នាក់ និងមាន ផ្លូវ១៩ខ្សែ,សាលារៀនចំនួន០៤ , វត្តអារាមចំនួន០៤ , សាលាសង្កាត់ចំនួន០៤,ប៉ុស្តិ៍នគរបាលចំនួន០៣ និង មណ្ឌលសុខភាពចំនួន០២ ក៏ត្រូវបានទទួលរងនូវការជន់លិចដោយសារទឹកស្ទឹងព្រែកត្នោតនេះផងដែរ ៕
ប្រភព៖ AKP